ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារជាសំឡេងបញ្ជាក់ឲ្យដឹងថា , “មេរោគកូវីដ-១៩ មិនមែនត្រឹមតែតាមរយៈមាត់ និងច្រមុះប៉ុណ្ណោះទេ វាថែមទាំងអាចឆ្លងចូលតាមភ្នែកនិងត្រចៀកផងដែរ ដែលចាំបាច់ត្រូវលាងដៃជាមួយសាប៊ូ និងអាកុលជាប់ជាប្រចាំ”។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានចែករំលែកនូវព័ត៌មានពីបណ្ដាប្រទេសនានា ថា ការពាក់ម៉ាស់ គឺការពារបានតែច្រមុះ និងមាត់តែប៉ុណ្ណោះ។ រីឯ”ភ្នែក និងត្រចៀក គឺមិនមានអ្វីមកគ្រប ឬពាក់បាននោះទេ។ ដូច្នេះអ្វីដែលសំខាន់បំផុត គឺត្រូវលាងដៃជាមួយសាប៊ូ និងអាកុល”។
លោកស្រីរដ្ឋលេខាធិការ យក់ សម្បត្តិ បានបន្តថា, បានលើកឡើងនូវករណី ជាក់ស្ដែងមួយនៅក្រៅប្រទេស ដែលមាន១គ្រួសារមួយ បានធ្វើចត្តាឡីស័កដោយមិនចេញទៅណា និងមិនចូលរួមក្នុងចំណោមមនុស្សច្រើនផងដែរ។ ក៏ប៉ុន្តែពួកគេមិនបានអនុវត្តវិធានសុខាភិបាលឲ្យបានត្រឹមត្រូវនោះឡើយ ដោយមិនសូវលាងដៃ និងមានការប៉ះពាល់គ្នាជាដើម ហើយទីបំផុតមនុស្ស២នាក់ក្នុងគ្រួសារនោះបានស្លាប់។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រុមគ្រួសារពេទ្យ ត្រូវជួយណែនាំដល់ប្រជាពលរដ្ឋថា “ការលាងដៃជាមួយសាប៊ូ និងអាកុល ព្រមទាំងការងូតទឹកសម្អាតខ្លួនជាប្រចាំ គឺជារឿងមួយដ៏សំខាន់”។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដល់ព័ត៌មានមួយ ដែលជាការដកពិសោធន៍នៅក្នុងបណ្ដាប្រទេស នៅអន្តរជាតិផ្សេងៗ ការពាក់ម៉ាស់នេះ គឺការពារបានតែចម្រុះ ហើយនិងមាត់ទេ ហើយដោយឡែកភ្នែក ត្រចៀក អត់មានអីគ្របបានទេ អញ្ចឹងហើយសំខាន់ គឺការលាងដៃ»។ លោកស្រីបន្ថែមថា, «មានប្រទេសមួយចំនួន គាត់ធ្វើរបាយការណ៍ព្រឹកមិញនេះ ខ្ញុំមើលបន្តផ្ទាល់នេះ គឺថា១គ្រួសារ គឺគាត់បាន Quarantineខ្លួនគាត់ត្រឹមត្រូវ គាត់មិនចេញទៅ មិនចូលរួមក្នុងហ្វូងមនុស្សធំៗ លើសពី១០នាក់ហ្នឹង គឺថាមានការហាមឃាត់ហ្នឹង ប៉ុន្តែការអនុវត្តរបស់គាត់អត់បានត្រឹមត្រូវ គាត់មិនសូវលេងដៃ គាត់ប៉ះពាល់គ្នា អញ្ចឹងទីបំផុតទៅ ឥឡូវនេះឪពុកម្ដាយស្លាប់ទាំងពីរនាក់ហើយ ដូច្នេះនៅតែកូន កំពុងដាក់វ៉ង់ទីឡាទើនៅមន្ទីរពេទ្យ»។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤៤នាក់ និងមិនមានអ្នកជាសះស្បេីយឡើយ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបន្តថា, ក្នងចំណោមអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១៕
ដោយ៖ សិលា