អន្តរជាតិ៖ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោកស៊ី ជិនភីង ក្នុងគោលនយោបាយលុបបំបាត់ភាពក្រីក្រ បន្ទាប់ពីលោកឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១៣ បេីគិតជារយៈពេល ៨ឆ្នាំ ប្រជាជនចិនជិត ១០០លាននាក់ ត្រូវបានរំដោះចេញពីភាពក្រីក្រ។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ី ជិនភីង បានប្រកាសជ័យជំនះយ៉ាងធំធេង ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ នៅក្នុងពិធីអបអរដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង។ ជាមួយគ្នានេះ លោកស៊ី ក៏បានប្តេជ្ញាជួយសង្គ្រោះប្រជាជនមិនឱ្យធ្លាក់ខ្លួនក្រវិញ ក្នុងទំហំធំជាដាច់ខាត។
បេីតាមការចុះផ្សាយពីកាសែតចិន បានចាត់ទុកភាពជោគជ័យនេះ គឺជាអំណោយមុនខួបនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ថ្លែងក្នុងវិមានប្រជាជន ប្រមុខរដ្ឋចិន បានលើកឡើងថា ចិនបានបង្កើតឧទាហរណ៍មួយនៃការកាត់បន្ថយភាពក្រីក្រ និងបានចូលរួមយ៉ាងខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងពិភពលោក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua បាននិយាយថា លោក ស៊ី ជិនភីង បានប្តេជ្ញាថា៖«ការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចគោលដៅកសាងវិបុលភាពសង្គម»។ លោក ស៊ីបានលើកឡើងទៀតថា ចិន នឹងជួយប្រជាជនខ្លួនបន្ថែមទៀត ដើម្បីការពារមិនឱ្យប្រជាជនធ្លាក់ខ្លួនក្រឡើងវិញ។
លោកស៊ី បានសង្កត់ធ្ងន់ថា ដ្បិតទទួលបានជោគជ័យលើការរំដោះប្រជាជន៩៨,៩៩លាននាក់ឱ្យផុតពីភាពក្រីក្រយ៉ាងណាក្តី ប៉ុន្តែការលុបបំបាត់ភាពក្រីក្រមិនមែនជាចំណុចបញ្ចប់ឡើយ ព្រោះវាគ្រាន់តែជាការចាប់ផ្តើមជីវិតថ្មី, ហេីយការប្រឹងប្រែងថ្មី និងជំរុញការខិតខំបន្ថែមដើម្បីរក្សាការអភិវឌ្ឍនៅតំបន់ជនបទ។
សូមជម្រាបថា ចិន ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ បានវិនិយោគជិត ២៤៦ពាន់លានដុល្លារ ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ចិនបានអភិវឌ្ឍផ្លូវ ទឹក ភ្លើង សេវាអ៊ីនធឺណិត ដែលគ្របដណ្តប់លើភូមិក្រីក្រចំនួន ៩៨ភាគរយ ចាប់តាំងពីឆ្នាំ២០១២ មក។ បន្ថែមពីលើនេះ យុទ្ធសាស្រ្តអភិវឌ្ឍតំបន់ជនបទ ត្រូវបានស្នើដាក់បញ្ជូលជាគោលនយោបាយទំនើបកម្មសេដ្ឋកិច្ច ក្នុងអំឡុងពេលសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ចិន ថ្មីៗនេះ បានដាក់ចេញ «ឯកសារគោលនយោបាយទីមួយ» សម្រាប់ឆ្នាំ២០២១ ផងដែរ ដែលផ្តោតសំខាន់លើកិច្ចខិតខំ និងការប្រឹងប្រែងអភិវឌ្ឍនៅតំបន់ជនបទ និងពន្លឿនទំនើបភាវូបនីយកម្មលើវិស័យកសិកម្ម និងតំបន់ជនបទ៕ដោយ៖ស តារា
រូបភាព៖ Xinhua