ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៨ព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ បេ រតនា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
បើតាមក្រុមគ្រួសារបានឲ្យដឹងថា កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ ហើយធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវជាប្រចាំ ប៉ុន្តែមិនបានធូរស្រាលសោះឡើយ។
ដោយនៅថ្ងៃកើតហេតុគាត់បានចេញពីផ្ទះមកយានដ្ឋានជុសជុលរថយន្តនៅសង្កាត់ចេកទល់មុខវិទ្យាល័យចេកដូចសព្វដងដោយមិនបានចាប់អារម្មណ៍នឹងកូនប្រុសឡើយ។
ប្រភពបន្តថា ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារបានទូរស័ព្ទមកប្រាប់គាត់ថាកូនបានចងកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញក្រុងព្រមទាំងគ្រូពេទ្យបានចុះមកកន្លែងកើតហេតុពិនិត្យសពដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីថាជារឿងឃាតកម្មនោះទេ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន