ភ្នំពេញ៖ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំដោយលោក លុយ ដាវីត រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។
ក្នុងឱកាសដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM Day) នៅថ្ងៃ ០១ មមីនាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា តាមរយៈវីដេអូថតទុក ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឧត្តមមន្រ្តី ASEM ទំាងអស់ និងអបអរសាទរខួបលើកទី២៥ នៃការបង្កើតវេទិកាអន្តរតំបន់មួយនេះ។ ថ្លែងក្នុងសុន្ទរកថានេះ លោក បានបញ្ជាក់ជាថ្មីពីភាពជឿជាក់ថា ASEM គឺជាគ្រឹះមួយក្នុងចំណោមគ្រឹះ នានានៃអភិបាលកិច្ចសកល ហើយពហុភាគីនិយម ដែល ASEM តែងតែផ្តល់សារសំខាន់ គឺនៅតែបន្តជាធាតុមិនអាចខ្វះបានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលផ្សេងៗ ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ជាដើម ។ ក្នុងស្ថានភាពនៃវិបត្តិដែលពុំធ្លាប់កើតមាននេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានដាក់ចេញ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” នៅតែមានភាពពាក់ព័ន្ធ និងកាន់តែមានសារសំខាន់ថែមទៀត ។ តាងនាមឱ្យ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការរង់ចាំទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូល ASEM ទាំងអស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញ នាឆ្នាំនេះ។
កិច្ចប្រជុំបានគាំទ្រជាឯកច្ឆ័ន្ទដល់កម្ពុជា លើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ ។ លើសពីនេះ ការលើកពេលនេះ គឺមិនគ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបានថាអន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំងឡាយណា ដែលប៉ះពាល់ប្រយោជន៍រួម ថែមទៀតផង ។ មានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ។
កិច្ចប្រជុំ បានគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជាស្នើឱ្យមានការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ (Asia-Europe Forum on Women, Peace, and Security) ឱ្យបានជាប្រចាំ និងក្លាយជាព្រឹត្តិការណ៍អមមួយក្នុងចំណោមព្រឹត្តិការណ៍អមនានានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងការអភិវឌ្ឍ ក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ និងការថែរក្សាសន្តិភាពជាដើម។ ជាមួយគ្នានេះ អង្គប្រជុំបានទទួល ស្គាល់ពីតួនាទីរបស់មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ដែលសហការជាមួយកម្ពុជា រៀបចំព្រឹត្តិការណ៍អម និង លើកកម្ពស់ភាពពាក់ព័ន្ធ និងការយល់ដឹងពី ASEM ផងដែរ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិត និងឯកភាពលើទម្រង់នៃឯកសារលទ្ធផលរបស់កិច្ចប្រជុំកំពូល ចំនួនពីរ៖ សេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំនៃកិច្ចកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩។ កិច្ចប្រជុំក៏បានពិភាក្សា លើសំណើស្ដីពីការតភ្ជាប់របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប(Proposal on ASEM Connectivity) ដោយសង្ឃឹមថា ឯកសារនេះនឹងក្លាយជាឯកសារសមិទ្ធផលដ៏សំខាន់មួយ ដែលនឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣។
ជាចុងបញ្ចប់ ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប បានសម្ដែងការសាទរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបន្តប្ដេជ្ញារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្នុងទម្រង់ជារូបវ័ន្ត ក៏ដូចជាបន្តរក្សាវឌ្ឍនភាពនៃដំណើរការ ASEM ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការកើតមានជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតជុំវិញពិភពលោកយ៉ាងណាក៏ដោយ៕
ដោយ៖ សិលា