ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) ស្តីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់នេះ គឺដើម្បីអនុញ្ញាតឱ្យស្ថាប័នទាំងពីរ សហការគ្នាក្នុងការផ្តល់ឱកាសការងារ និង ការបណ្តុះបណ្តាលជំនាញនានាដល់យុវជន ដើម្បីឈានឆ្ពោះទៅកាន់អាជីពការងារជាក់លាក់មួយ។ ទន្ទឹមនេះ ដោយយល់ឃើញពីតួនាទី និងការចូលរួមដ៏សំខាន់របស់យុវជន ក្នុងការជំរុញការអភិវឌ្ឍសង្គមជាតិការចុះអនុស្សរណៈយោគយល់នេះទៀតសោត នឹងផ្ដល់ជាវេទិកា ចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗដើម្បីជាការបំផុសគំនិតដល់យុវជនក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតីសម្រាប់ការត្រៀមខ្លួនក្នុងការអនុវត្តការងារជាក់ស្ដែង ។
មានប្រសាសន៍ក្នុងកិច្ចពិភាក្សាខ្លីនារសៀលនេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា “ផ្នែកមួយនៃបេសកកម្មរបស់ ស.ស.យ.ក. គឺការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន ហើយការកសាងធនធានយុវជននេះទាមទារឲ្យមានការអនុវត្តផ្ទាល់ ដែលតម្រូវឲ្យមានការផ្សារភ្ជាប់គ្នាគ្រប់ទិដ្ឋភាពការងារ រួមទាំងវិស័យឯកជន។ អនុស្សរណៈនេះ នឹងក្លាយទៅជាជាច្រកមួយសម្រាប់យុវជនដែលត្រូវការការងារ ក៏ដូចជាយុវជនដែលត្រូវការការសិក្សារៀនសូត្របន្ថែមសម្រាប់តម្រូវការជាក់ស្តែងនៃសង្គមបច្ចុប្បន្ន និងទៅថ្ងៃអនាគត ទាំងកិច្ចការសង្គម មនុស្សធម៌ផង និងកិច្ចការអាជីវកម្មសម្រាប់អាជីពការងារទៅថ្ងៃអនាគតផង។”
ដោយឡែក សម្រាប់ក្រុមហ៊ុនវើលប្រ៊ីដគ្រុប គឺជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំពុង ប្រតិបត្តិការ អាជីវកម្មរបស់ខ្លួនលើវិស័យ ដែលមាន សក្តានុពល ដូចជាវិស័យ ដឹកជញ្ជូន សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជៈ សេវាបញ្ចាំសេវា Outsourcing និង e-commerce។ កន្លងមក ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ធ្លាប់បានបើកឱកាសដល់យុវជន យុវនារី ឱ្យចូលរួមក្នុងកម្មវិធីហ្វឹកហាត់ ការងារ ពិសេស មួយ(Management Trainee Program) ដែលមាន រយៈពេល២ឆ្នាំសម្រាប់សិក្ខាកាម អភិវឌ្ឍចំណេះដឹងជំនាញរបស់ខ្លួនតាមរយៈការហ្វឹកហាត់ ការងារពេញ ម៉ោងរយៈពេល២ឆ្នាំដើម្បីក្លាយជាអនាគត អ្នកដឹកនាំ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុប បានបង្ហាញចំណាប់អារម្មណ៍នៅថ្ងៃនេះថា “យើងបានមើលឃើញសក្តានុពលរបស់ស.ស.យ.ក. ហើយសួរជាសំណួរថា អ្វីទៅជាSynergy ដែលឈានទៅ រកផ្លូវដែលអាចធ្វើការជាមួយគ្នាបានជាមួយស.ស.យ.ក.។ ស.ស.យ.ក. មានសក្តានុពល តែយុវជនមិនងាយចេះតែមានឱកាសហើយពិបាកស្វែងរកឱកាស ដូច្នេះយើងមកទីនេះដើម្បីបង្កើតឱកាសសម្រាប់យុវជន។ គោលដៅចម្បងរបស់យើងគឺ ដើម្បីពង្រឹង និងពង្រីកសមត្ថភាព និងបង្កើតមុខរបរសម្រាប់យុវជន។ ”
ចេញពីអនុស្សរណៈនេះ ភាគីទាំងសង្ខាងជឿជាក់ថា នេះ មិនត្រឹមតែបានផ្ដល់ឱកាសដល់យុវជនកម្ពុជា ក្នុងការស្វែងរកបទពិសោធន៍ការងារ ផ្សេងៗនោះទេ ប៉ុន្តែក៏នឹងជំរុញដល់ការទំនាក់ទំនង រវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពស្អិតរមួត និងរឹងមាំផងដែរ ៕
ដោយ៖ សិលា