អន្តរជាតិ៖ ក្រោយរដ្ឋ Rajasthan នៅភាគពាយព្យនៃប្រទេសឥណ្ឌា ស្នើសុំវ៉ាក់សាំងកូវីដ–១៩បន្ថែម ស្របពេលកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋចាប់ផ្ដើមមានសម្ទុះខ្លាំង។ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានចេញមកបដិសេធថា៖” មិនមានការខ្វះខាតវ៉ាក់សាំងកូវីដ–១៩ក្នុងប្រទេសឡើយ“។ ជាក់ស្ដែងទីក្រុងញូវដែលី ក៏បានអះអាងដែរថា រដ្ឋាភិបាលកណ្ដាលកំពុងផ្គត់ផ្គង់វ៉ាក់សាំងទៅទូទាំងប្រទេស ដោយផ្អែកលើតម្រូវការនិងការប្រើប្រាស់របស់ប្រជាជន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា រដ្ឋRajasthan ដែលនៅភាគពាយព្យ នៅសប្តាហ៍នេះ បានក្លាយជារដ្ឋដំបូងគេក៏ប្រកាសរកវ៉ាក់សាំងដើម្បីបំពេញបន្ថែមតម្រូវការក្នុងរដ្ឋរបស់ខ្លួន។ ប៉ុន្ដែតម្រូវការវ៉ាក់សាំង បានកើនឡើងនៅឥណ្ឌា បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវនៅដំណាក់កាលដំបូង ពេលដែលប្រជាជនហាក់នៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំង។
ឥណ្ឌាដែលជាប្រទេសផលិតឱសថដ៏ធំរបស់ពិភពលោក បេីគិតត្រឹមថ្ងៃទី៩ខែមីនាម្សិលមិញនេះ បានផ្តល់វ៉ាក់សាំងចំនួន២៣លានដូសដល់ប្រជាជនខ្លួនប្រមាណ១៧លាននាក់មកហើយតាមរយៈកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមករាមក។ឥណ្ឌា ក៏បានបរិច្ចាគនិងលក់វ៉ាក់សាំងទៅឱ្យប្រទេសដទៃទៀត ដែលធ្វើឱ្យមានការរិះគន់ខ្លះថារដ្ឋាភិបាលមិនគិតគូរប្រជែងរបស់ខ្លួន។
បេីយោងតាមក្រសួងសុខាភិបាលឥណ្ឌា ក៏បានអះអាងដែរថា មិនមានការខ្វះខាតវ៉ាក់សាំងនៅក្នុងរដ្ឋ Rajasthan ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសឡើយ។ ក្រសួងបន្តថា រដ្ឋ Rajasthan មានប្រជាជនប្រហែល ៧០ លាននាក់ ហើយនៅរដ្ឋនេះមានសល់វ៉ាក់សាំងចំនួន ១,៤ លានដូសទៀតគិតត្រឹមយប់ថ្ងៃទី៩ ខែមីនា។
ជាមួយគ្នានេះក្រសួងសុខាភិបាលឥណ្ឌា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាលកំពុងត្រួតពិនិត្យយ៉ាងទៀងទាត់ ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងរដ្ឋទាំងអស់ និងដែនដីសហព័ន្ធនានា ដោយការផ្តល់វ៉ាក់សាំងគ្រប់ដូស ធ្វើតាមតម្រូវការ និងការប្រើប្រាស់របស់ប្រជាជន។
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា តាមគម្រោងចង់ចាក់វ៉ាក់សាំងឲ្យប្រជាជនចំនួន៣០០លាននាក់ នៃប្រជាជនសរុបរបស់ខ្លួនទាំងជាង១,៣៥ពាន់លាននាក់នៅខែសីហា ក្នុងឆ្នាំ២០២១នេះ។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងCovaxin ដែលផលិតក្នុងស្រុកដោយក្រុមហ៊ុន Bharat Biotech ៕
ដោយ៖ស តារា(រូបថត៖AFP)