អ្នកលក់ដូរម្នាក់ចិញ្ចឹមសត្វលាមួយក្បាល និងឆ្កែមួយក្បាល។ ពេលព្រឹកម្ចាស់ដាក់របស់លើរទេះរួចដឹកលាអូសយកទៅលក់ នៅផ្សារ។ ល្ងាចឡើងមកវិញ ទើបស្រាយលាពីរទេះ ហើយចងនឹងបង្គោលផ្ទះ។
យប់មួយ លា និងឆ្កែជជែកគ្នា។
លា ៖ ពួកយើងនៅផ្ទះជាមួយគ្នាយូរហើយ តែខ្ញុំមិនដែលដឹងពីការងាររបស់ឯងសោះ។ តើឯងធ្វើអីសព្វថ្ងៃ?
ឆ្កែ ៖ តួនាទីរបស់ខ្ញុំគឺយាមការពារផ្ទះ ដើមី្បកុំឲ្យចោរចូលលួចរបស់របរ។ បើមានចោរមក ខ្ញុំនឹងព្រុសឲ្យដំណឹងដល់ម្ចាស់។
ល្ងាចបន្ទាប់ ពេលត្រលប់មកពីផ្សារ ក្រោយពីចងលារួចរាល់ ម្ចាស់ក៏យកអាហារមកឲ្យសត្វទាំងពីរ។ ឆ្កែស៊ីអស់ហើយ ក៏បញ្ចេញសំឡេង និងធ្វើកាយវិការសុំបន្ថែម។
ម្ចាស់បន្ទោស៖ ឯងនេះស៊ីច្រើនណាស់។ រាល់ថ្ងៃនៅតែផ្ទះ ធ្វើការបន្តិចបន្តួចសោះហ្នឹង។
រួចហើយម្ចាស់ក៏វាយឆ្កែមួយដៃ ហើយដើរចូលទៅក្នុងផ្ទះបាត់។
ឆ្កែ និយាយនឹងលា៖ ខ្ញុំធ្វើការហត់ណាស់ យាមទាំងយប់ទាំងថ្ងៃ អត់មានពេលសម្រាក តែម្ចាស់បែរជាមើលមិនឃើញតម្លៃរបស់ខ្ញុំ។ បើគាត់មិនផ្តល់តម្លៃឲ្យខ្ញុំ ខ្ញុំក៏មិនគួរណាខំប្រឹងពេកដែរ។
យប់នោះមានចោរប៉ុនប៉ងមកលួចរបស់ម្ចាស់។ លាបានឃើញស្រមោលចោរនៅក្រៅរបង។
លាប្រាប់ទៅឆ្កែ៖ មានចោរ។ ឆាប់ព្រុសប្រាប់ម្ចាស់ទៅ។
ឆ្កែ៖ ទេ! ខ្ញុំមិនព្រុសប្រាប់ទេ។ គាត់មិនស្គាល់តម្លៃរបស់ខ្ញុំ។ ហេតុនេះឲ្យចោរលួចរបស់ឲ្យអស់ទៅ។
លា៖ មិនត្រូវធ្វើអ៊ីចឹងទេ។ គាត់ជាម្ចាស់។ យើងត្រូវតែធ្វើការឲ្យគាត់ ទោះគាត់មិនឲ្យតម្លៃយើងក៏ដោយ។ ឆាប់ព្រុសភ្លាមទៅ។
ឆ្កែ៖ នេះជាការងាររបស់ខ្ញុំ។ ឯងធ្វើតែការងាររបស់ឯងទៅ។ កុំចេះដឹងរឿងរបស់ខ្ញុំ។
លា៖ បើឯងមិនធ្វើ ខ្ញុំនឹងធ្វើ។ ខ្ញុំនឹងប្រាប់ដំណឹងដល់ម្ចាស់។
ឆ្កែ៖ ស្រេចចិត្តឯងចុះ។
ឆ្កែថាហើយក៏ទៅដេកបាត់។ លាឃើញដូច្នោះ ក៏ស្រែកឲ្យសញ្ញាទៅម្ចាស់។ ចោរឮក៏រត់បាត់។ ម្ចាស់ចេញមកក្រៅ មើលមិនឃើញមានអី ក៏សំពងលា ហើយស្តីឲ្យ៖ អាចង្រៃ! ស្រែករំខានអញកណ្តាលយប់។ រកតែអញដេកពួនមិនបាន។
និយាយរួចទើបចូលទៅដេកវិញ។
ចំណែកលាស្រក់ទឹកភ្នែកឈឺចាប់ដោយសារតែដំបង៕
“រឿងនេះចង់បង្រៀនដល់មនុស្សយើង កុំចេះផ្តល់យោបល់ទៅគេ ត្រូវនៅឲ្យស្ងៀម ចាំដល់គេសុំយោបល់ សឹមផ្តល់ ទើបយោបល់នោះមានតម្លៃ”
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត