ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។
មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង១១:១០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ស្រុកត្រាំកក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ ស្ដែង នៅចំណុចភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២ នាក់ ១/ ឈ្មោះ សុឹម ភួង ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ និង២/ ឈ្មោះ ម៉ម ប៊ុនធឿន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនប្រាកដ រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន÷
១/ ក្រាមពណ៌សថ្លា ចំនួន ៩ កញ្ចប់ ទម្ងន់ ២.២៧ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ៤ គ្រឿង
៣/ សម្ភារ:សេពថ្នាំញៀនមួយចំនួន។
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច