ខេត្តកណ្តាល ៖ រថយន្តកូរ៉េចំណុះ១តោនកន្លះ១គ្រឿងក្រឡាប់ផ្ងារជើងដោយបុករង្វង់មូលពេលយប់ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលមនុស្សប្រុសស្រីចំនួន០៤ នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៦ខែ ឧសភាឆ្នាំ២០២៦ នៅចំណុច រង្វង់មូលផ្នែកខាងកើតស្ពានអាកាស មហាវិថីស៊ីជីងពីង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចជំនាញក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ក្នុងរថយន្តមានផ្ទុកមនុស្សប្រុសស្រីចំនួន០៥នាក់ តែរងរបួសធ្ងន់ស្រាលចំនួន៤នាក់÷ទី០១-ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណអាយុ២៥ឆ្នាំ(របួសធ្ងន់ត្រង់ក្បាល),ទី០២ – បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណអាយុប្រមាណ ២៨ ឆ្នាំ (របួសស្រាល- ជាប្តីប្រពន្ធនឹងគ្នា ) ត្រូវបានរថយន្តអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះ,ទី០៣-កុមារា អាយុ០៥ឆ្នាំ (កូនតៃកុងរថយន្ត,របួសស្រាល),ទី០៤- ឈ្មោះ ពូ បារាំង អាយុ៤៤ ឆ្នាំ (រងរបួសធ្ងន់) ជាតៃកុងរថយន្ត ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ , និងទី០៥-ស្ត្រីប្រពន្ធតៃកុងរថយន្ត មិនមានរងរបួសទេ ហើយជនរងគ្រោះទាំងអស់មានទីលំនៅក្នុងខេត្តបាត់ដំបង ។
សមត្ថកិច្ចបញ្ជាក់ប្រាប់បន្ថែមថា មុនពេលកើតហេតុ រថយន្តប្រភេទកូរ៉េកែច្នៃចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2F- 8925 ផ្ទុកមនុស្សចំនូន ០៥នាក់ និងដឹកដែកអេតចាយម៉ាស៊ីនរថយន្តចាស់ៗ ចេញពីខេត្តត្បូងឃ្មុំ បំណងឆ្លងកាត់ មហាវិថីស៊ីជីងពីង ទៅឈប់សម្រាកនៅភ្នំពេញ១យប់ ហើយព្រឹកឡើងទើបចេញដំណើរទៅខេត្តបាត់ដំបង។ តែពេលមកដល់រង្វង់មូលចំណុចកើតហេតុ ដោយរថយន្តមានល្បឿនលឿន ហើយតៃកុងមិនសូវស្គាល់ភូមិសាស្ត្រផង ក៏បានអកហ្ស៊ើ រង្វង់មូលនៅខាងមុខកៀកទៅហើយ ទើបតៃកុងខំបួងចង្កូតមកស្តាំ ក៏កង់ខាងក្រោយផ្នែកខាងឆ្វេងរេបុកខឿនថ្នរង្វង់មូល បណ្តាលឱ្យក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍សម្រួលចរាចរ និងជួយទំនាក់ទំនងតាមទូរសព្ទទៅសាច់ញ្ញាតនៅខេត្តបាត់ដំបង យករថយន្តស្ទូចមកដឹករថយន្តរងគ្រោះយកទៅខេត្តបាត់ដំបងវិញ ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច