ព័ត៌មានទាន់ហេតុការណ៍៖

ណាសា សាកល្បងដោយជោគជ័យ នូវរ៉ុក្កែតសម្រាប់ឡើងទៅកាន់ឋានព្រះចន្ទ

ចែករំលែក៖

នៅថ្ងៃទី១៨ ខែមីនា (ពេលវេលាអាមេរិក) អង្គការណាសា បានសាកល្បងដោយជោគជ័យនូវរ៉ុក្កែត ផលិតដោយក្រុមហ៊ុន Boeing សម្រាប់បំពេញភារកិច្ច Artemis នាំមនុស្សទៅកាន់ឋានព្រះចន្ទ នៅឆ្នាំ២០២៤។ អង្គការណាសា បានបាញ់សាកល្បងនូវម៉ាស៊ីន ក្នុងដំណាក់កាលចុងក្រោយនៃរ៉ុក្កែត អវកាស SLS នៅស្ថានីយអវកាស Stennis នៅ Mississippi។ រ៉ុក្កែតមាន៤ម៉ាស៊ីន RS-25 ហើយសាកល្បងក្នុងរយៈពេល៨នាទី ធ្វើឲ្យតំបន់ទាំងមូលគ្របដណ្តប់ដោយផ្សែងសពេញតំបន់ទាំងមូល ។ ក្រោយម៉ាស៊ីនបានបញ្ចប់ សំឡេងទះដៃ អបអរសាទរពីក្រុមអ្នកជំនាញ និងពលរដ្ឋ អ្នកសារព័ត៌មានដែលបានទៅមើលការសាកល្បង។ បណ្តាក្រុមហ៊ុនអាកាសចរណ៍ បានអបអរសាទរដល់អង្គការណាសា ដែលទទួលបានជោគជ័យ ក្នុងការសាកល្បងដំណាក់កាលដ៏សំខាន់នេះ។ កាលពីខែមករា ការសាកល្បងធ្វើឡើងរយៈពេល១នាទី គឺជាពេលវេលាខ្លីបំផុត។ ក្រុមអ្នកវិទ្យាសាស្ត្រ បានកំណត់រយៈពេល ៤នាទី ប៉ុន្តែបានតែ១នាទីប៉ុណ្ណោះទើបក្រុមជំនាញមិនអាចវាយតម្លៃ បានឡើយ។ តាមគម្រោង ប្រព័ន្ធបាញ់អវកាស បានបញ្ជូនទៅកាន់ស្ថានីយអវកាស Kennedy នៅរដ្ឋFlorida ដើម្បី ដាក់បញ្ជូលជាមួយយានអវកាស Orion របស់ក្រុមហ៊ុន Lockheed Martin ។ តាមគម្រោងអង្គការណាសា នឹងបញ្ជូនយានទៅកាន់ឋានព្រះចន្ទនៅខែវិច្ឆិកាឆ្នាំ២០២៤ ដោយចំណាយប្រាក់ជិត៣ពាន់លានដុល្លារអាមេរិក៕ ដោយ សាធី

រូបភាព៖NASA

រូបភាព៖Reuters


ចែករំលែក៖