ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ចម្ការអាកាស្យា និងចម្ការកៅស៊ូត្រូវភ្លើងឆាបឆេះអស់ប្រមាណជិត២ហិកតាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍បាញ់ទឹកពន្លត់ខណៈសង្ស័យឆេះរាលដាលមកពីដីស្រែអ្នកស្រុកដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០១ ស្ថិតនៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមលោកមេប៉ុស្តិ៍រដ្ឋបាលព្រៃតាអីបានឲ្យដឹងថាម្ចាស់ចម្ការអាកាស្យា និងកៅស៊ូមានឈ្មោះ សួស សម្បត្តិ ដោយរងការឆាបឆេះអស់ប្រមាណជិត២ហិកតា ប៉ុន្តែអគ្គិភ័យនេះមិនបណ្តាលឲ្យខូចខាតដើមអាកាស្យាធំៗនោះទេ គ្រាន់តែឆេះស្លឹកជ្រុះនៅខាងក្រោម និងដើមតូចៗប៉ុណ្ណោះ និងមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ។
ដោយភ្លាមៗនោះកំលាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋសហការជាមួយកំលាំងពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ប្រើប្រាស់ឡានទឹកចំនួន១គ្រឿងមកជួយអន្តរាគមន៍ ហើយភ្លើងរលត់ទៅវិញនៅម៉ោង៨និង៥០នាទីយប់ផងដែរ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអីកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុអោយពិតប្រាកដថាវាឆេះបណ្ដាលមកពីមូលហេតុអ្វី៕
ដោយ៖យឹម សុថាន