ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកទូរស័ព្ទបុរសម្នាក់បានសម្រេចខណៈគាត់កំពុងដេកលង់លក់ រួចហេីយជនសង្ស័យដដែលនេះបានបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត តែអស់លក្ខណ៍ត្រូវបានពលរដ្ឋឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះសៀង អៀន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនសង្ស័យឈ្មោះថារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមសម្តីជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានដេកនៅកន្លែងធ្វេីការសំណង់ដោយទុកទូរស័ព្ទម៉ាកOPPO នៅក្បែរខ្លួន ខណៈគាត់កំពុងដេកលង់លក់ស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពលួចយកទូរស័ព្ទគាត់ទៅបាត់។
ជនរងគ្រោះបន្តថា បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទគាត់ ពេលនោះមានប្រជាពលរដ្ឋលេីកដោយប្រាប់ថា ជនសង្ស័យលួចទូរស័ព្ទបានមកហេីយក៏បន្តទៅធ្វេីសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋបម្រុងលួចយកទ្រព្យសម្បត្តិទៀត។
បេីតាមប្រជាពលរដ្ឋដែលឃាត់ខ្លួនជនសង្ស័យបានប្រាប់ថា មុនពេលកេីតហេតុ ម្ចាស់បន្ទប់បានចាក់សោទ្វារខាងក្រៅហេីយចេញទៅធ្វេីការបាត់អស់ លុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពគាស់ទ្វារបន្ទប់ជួល ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរឃេីញក៏សួរនាំ តែជនសង្ស័យបានប្រាប់ថាមករកបងប្អូន តែដោយសារតែអ្នកក្បែរខាងមិនដែលស្គាល់មុខទេីបនាំគ្នាឃាត់ខ្លួនសិន។ បន្ទាប់មកស្រាប់តែមានគេខលទូរស័ព្ទមកនិយាយថា ទូរស័ព្ទកំពុងនិយាយគឺទូរស័ព្ទគាត់ដែលទេីបនិឹងបាត់ ភ្លាមនោះប្រជាពលរដ្ឋក៏ធ្វេីការឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វេីសកម្មភាពលួចទូរស័ព្ទនិងបន្តទៅគាស់បន្ទប់ជួលប្រជាពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ