អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងលិច នៅថ្ងៃទី២១ ខែមីនាថ្មីៗនេះ ;ប៉ុន្តែភាគីអាមេរិក បានចាត់ទុកថាការបាញ់បែបនេះ មិនមែនជាបញ្ហាធំដុំឡើយ ព្រោះមិនបំពានបម្រាមអង្គការសហប្រជាជាតិ។
ទីភ្នាក់ងារព័ត៌មាន AFP និយាយបន្ថែមថា៖ ជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០២០ កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់ដែលជាប្រភេទស្វ័យទៅក្នុងសមុទ្រលឿង។ ហើយនេះជារឿងចម្លែកមួយ ព្រោះកន្លងទៅកូរ៉េខាងជើង បាញ់មីស៊ីលចូលទៅក្នុងសមុទ្រខាងកើត។
បេីតាមមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា៖ «អ្វីដែលបាញ់ គឺមីស៊ីលស្វ័យនាំផ្លូវប៉ុណ្ណោះ មិនមែនមីស៊ីលបាលីស្ទិក ហើយមីស៊ីលទាំងនោះត្រូវបានតាមដានដោយឧបករណ៍របស់យើង»។ មន្រ្តីក្រសួងការពារជាតិរូបនេះ បន្ថែមថា មីស៊ីលពីរគ្រឿងនោះ គឺជាប្រភេទមីស៊ីលចម្ងាយខ្លី។
ការបាញ់មីស៊ីលនេះ មិនបានបំពានបម្រាមអន្តរជាតិឡើយ ព្រោះកន្លងមកសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ មិនបានហាមឃាត់ការបាញ់មីស៊ីលចម្ងាយខ្លីឡើយ។ ក្រុមប្រឹក្សាសន្តិសុខ ហាមកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ។
ដោយឡែកថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយថា ៖ « យើងបានសិក្សាថា វាគ្មានការផ្លាស់ប្តូរច្រើនឡើយ»។ ហើយការសាកល្បងនេះ មិនមែនជាបញ្ហាធំដុំឡេីយ។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១នេះ ការបាញ់មីស៊ីលជាលើកដំបូង បានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយទស្សនកិច្ចរបស់ប្រមុខការពារជាតិ និងការទូតអាមេរិក នៅកូរ៉េខាងត្បូង ដើម្បីជជែកជាមួយសមភាគីពីបញ្ហាសន្តិសុខ សម្ព័ន្ធមិត្ត និងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ជាពិសេសបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរ ដែលជាប់គាំង តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ មក។ មិនតែប៉ុណ្ណោះ ការបាញ់មីស៊ីលទៅឆ្នេរភាគខាងលិចនេះ បានបាញ់បន្ទាប់ពីសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ កន្លងមក កូរ៉េខាងជើង បានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសមយុទ្ធនេះ និងព្រមានលុបចោលកិច្ចព្រមព្រៀងសន្តិភាពយោធាអន្តរកូរ៉េថែមទៀត។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកជំនាញមួយចំនួន យល់ឃើញថា ក្រុងព្យុងយ៉ាង ហាក់ដូចជាចង់គំរាមទៅក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ស្របពេលខ្លួននៅតែមានបំណងចង់ចរចាលើកម្មវិធីរំសាយនុយក្លេអ៊ែរដដែល។ ហេតុនេះ កូរ៉េខាងជើងជ្រើសយកការបាញ់មីស៊ីលស្វ័យនាំផ្លូវ ជាជាងមីស៊ីលបាលីស្ទិកចម្ងាយមធ្យម ឬចម្ងាយឆ្ងាយ។
គួររម្លឹកដែរថា ក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំ២០១៩ បានចាប់ផ្តើមសាកល្បងមីស៊ីលជាថ្មី បន្ទាប់ពីកិច្ចចរចារំលាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង ប៉ុន្តែកូរ៉េខាងជើង បានផ្អាកទៅវិញចាប់ពីខែមេសា ក្នុងឆ្នាំ២០២០ វិញ។ ចំណែកការផ្អាកនេះ ទំនងដោយសារការផ្ទុះកូវីដ-១៩ នៅលើពិភពលោក ឬអាចបង្វែរថវិកាមួយចំនួន ដើម្បីផ្តោតលើវិស័យសុខាភិបាលវិញ៕ដោយ៖ស តារា
រូបភាព៖ឯកសារ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង
រូបថត៖KCNA