ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ការបរទេសបារាំង៖​ សម្រេច​ថ្កោលទោសអំពើហិង្សា និងការសម្លាប់មនុស្សយ៉ាងឃោរឃៅនៅមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ​៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទទី២​៩​ ខែមីនា​ ឆ្នាំ​២០២១ (ម៉ោងនៅទីក្រុងប៉ារីស) បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ទៅលើអំពើហិង្សាបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានអន្តរជាតិចាត់ទុកជាថ្ងៃ ដែលមានការបង្ក្រាបយ៉ាងឃោរឃៅបំផុតនោះ។ ខណៈ​ដែល​កងកម្លាំងសន្តិសុខ នៃរបបយោធាបានបាញ់សម្លាប់ បាតុករច្រើនជាង ១០០នាក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីរដ្ឋមន្ត្រីការបរទេសបារាំង លោក ឡឺ ទ្រីយ៉ុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដើរដល់ដំណាក់កាលថ្មីមួយ ក្នុងការប្រើអំពើហិង្សាយ៉ាងងងឹតងងល់ និងបង្ហូរឈាម… ហើយជាថ្មីម្ដងទៀតពួកគេបានប្រើប្រាស់អាវុធ ប្រឆាំងនឹងប្រជាជន ដោយសម្លាប់មនុស្សច្រើនជាង ១០០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ»។

ជាមួយគ្នានេះ​ លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង ក៏បានអំពាវនាវផងដែរ ឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់ហិង្សា និងដោះលែងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ នូវអ្នកដែលកំពុងជាប់ឃុំ និងចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញជាបន្ទាន់។

សូមជម្រាបថា​ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ​ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់មនុស្សយ៉ាងហោច ១១៤នាក់ ក្នុងនោះមានទាំងកុមារ ០៧នាក់ ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់ច្រើនជាង ៤៥០នាក់ ចាប់តាំងពីមានបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក។

គួរបញ្ជាក់ថា​ ទាក់ទិននឹងបញ្ហានេះដែរ​ប្រធានាធិបតីអាមេរិកលោក​ ចូ​ បៃឌិន​ កាលពីថ្ងៃទី២៨​ ខែមីនា​ថ្មីៗ​នេះ​ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Delaware ដោយ​លើកឡើងថា វាពិតជាអាក្រក់ណាស់។ លោកបៃឌិន​ គូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖«វាពិតជាសាហារយង់ឃ្នងណាស់ ដោយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួល»។ លោក​ បន្ថែមថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ដោយឥតប្រយោជន៍។​ ​ទាំងនេះជាការឆ្លេីយតបទៅនឹងករណីស្លាប់ដ៏ច្រើនបំផុត ទេីបអាមេរិកបានចេញមកថ្កោលទោសជាថ្មីម្តងទៀត។

ដោយឡែក​ជាមួយគ្នានេះ​ សហភាពអឺរ៉ុប ក៏បានរិះគន់ករណីស្លាប់ចំថ្ងៃទិវាកងទ័ពនេះដែរ។ ដោយ​លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖​ លោក បានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយក ព្រោះរបបសឹក បានបាញ់សម្លាប់ប្រជាជនខ្លួនជាច្រើននាក់។ លោកប្រធានគោលនយោបាយការបរទេស នៅខាងក្រៅនៃការប្រារព្ធទិវាកងទ័ព ក្រុមយោធាបានធ្វើរឿងគួរឱ្យតក់ស្លុត និងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង៕ដោយ​៖ស​ តារា​


ចែករំលែក៖