ព័ត៌មានទាន់ហេតុការណ៍៖

វិមានកាពីតូលគគ្រើកជាថ្មីដោយការបើករថយន្តបុកហើយប្រើកាំបិតវាយប្រហារ ប៉ូលិសវិមានកាពីតូលអាមេរិក

ចែករំលែក៖

វិមានកាពីតូលរបស់អាមេរិក រងការវាយប្រហារជាថ្មី ដោយបើករថយន្តបុក បណ្តាលឲ្យ ប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ចំណែកជនដៃដល់ត្រូវប៉ូលិសបាញ់សម្លាប់។

ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី ០៣ខែមេសា វិមានកាពីតូលរងការវាយប្រហារ ហើយពេលនេះត្រូវបិទ។

ជនដៃដល់បានបើករថយន្តបុកហើយប្រើកាំបិតវាយប្រហារទៅលើកម្លាំងសន្តិសុខ។

នៅក្នុងសន្និសីទកាសែត លោក Yogananda Pittman មន្ត្រីប៉ូលិស គ្រប់គ្រងវិមានរដ្ឋសភា បានឲ្យដឹងថា ជនដៃដល់បានបើករថយន្តបុកកម្លាំងប៉ូលិស ហើយបុកចូលរបងអគារ រួចយកកាំបិតដែកកាប់កម្លាំងប៉ូលិសតែម្តង។
ប៉ូលិសដែលស្លាប់ដោយការវាយប្រហារនោះ William Billy Evans មានបទពិសោធន៍ ដល់ទៅ១៨ឆ្នាំ បម្រើការក្នុងកម្លាំងប៉ូលិសការពារសន្តិសុខ វិមានកាពីតូល។
លោក Robert Contee ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា «មកទល់ពេលនេះ មិនទាន់អាចសន្និដ្ឋានបានថា ជាការវាយប្រហារភេរវកម្ម ឬយ៉ាងណា  ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវ »។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដល់ការស្លាប់របស់ប៉ូលិសដែលមានបទពិសោធន៍ខ្ពស់ ។ ទន្ទឹមនឹងនោះលោកក៏បានបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល។
កម្លាំងការពារជាច្រើនក៏បានបញ្ជូនទៅកាន់វិមានរដ្ឋសភា ដោយខ្លាចមានការណីវាយប្រហារផ្សេងទៀតកើតឡើង ។

សកម្មភាពវាយប្រហារកើតឡើងក្រោយពេលប៉ូលិសការពារវិមានកាពីតូល ប្តឹងលោកត្រាំ ទាមទារប្រាក់សំណងជាច្រើន ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សានៅវិមានកាពីតូល៕

ដោយ៖ ធីរីណា(រូបភាព៖ baogiaothong)


ចែករំលែក៖