ខេត្តតាកែវ៖ បេីតាមការលេីកឡេីងរបស់លោក កែវ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ មានគោលបំណងចង់ទៅលេងក្រុមគ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកតាំកក់ ខេត្តតាកែវ គឺត្រូវតែធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។ ការលើកឡើងបែបនេះ របស់លោកអភិបាលស្រុក ធ្វើឡើងដេីម្បីឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ សាកសួរថាតើត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ឬយ៉ាងណានៅពេលទៅដល់?។
ជាក់ស្ដែងបន្ទាប់ពីប្រជាពលរដ្ឋមានចម្ងល់សាកសួរមកលោកអភិបាលស្រុកត្រាំកក់ កែវ វគ្គសែល ថា៖ តើអ្នកភ្នំពេញចង់មកលេងគ្រួសារ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ត្រូវធ្វើយ៉ាងណា? លោកអភិបាលស្រុករូបនេះ បានឆ្លើយថា៖ «បាទ អាស្រ័យលើការសាកសួរព័ត៌មានផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ ក៏ប៉ុន្តែជាទូទៅ គឺតម្រូវឱ្យគាត់ធ្វើចត្តាឡីស័ក»។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះដែរ បុរសម្នាក់ឈ្មោះ រ៉េន ដែលកំពុងរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា គាត់មានភរិយា និងកូន២នាក់ រស់នៅជាមួយម្តាយនៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ប៉ុន្តែពេលនេះគាត់ចង់ទៅលេងប្រពន្ធកូន ត្រូវបានអាក់ខានទៅវិញ ដោយសារតែវិធានការតម្រូវឲ្យធ្វើចត្តាឡីស័កនេះ។
បុរសរូបនេះ បន្តថា វិធានការនេះមិនសមហេតុផលទាល់តែសោះ អាជ្ញាធរគួរតែមានការកំណត់ឲ្យបានត្រឹមត្រូវ នូវបុគ្គលណាដែលមានហានិភ័យ និងបុគ្គលដែលគ្មានហានិភ័យនៃការចម្លងជំងឺកូវីដ១៩ ដើម្បីអាចឲ្យប្រជាពលរដ្ឋ បានចេញចូលទៅជួបជុំគ្រួសាររបស់ខ្លួនបាន មិនគួរណាកំណត់ឲ្យតែអ្នកមកពីភ្នំពេញ ត្រូវធ្វើចត្តាឡីស័កទាំងអស់នោះទេ។
បន្ថែមពីនេះ បុរសរូបនេះ បានសង្កត់ធ្ងន់ថា ចំពោះរូបគាត់ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរដងរួចហើយដែល។ ដូច្នេះលោក បានស្នើឲ្យ លោក អ៊ូច ភា អភិបាលខេត្តតាកែវ គួរតែពិចារណាវិធានការ ដែលអាជ្ញាធរថ្នាក់ក្រោមរបស់លោក បានដាក់ចេញនេះឡើងវិញ ថាតើបុគ្គលមានលក្ខណៈបែបណាគួរធ្វើចត្តាឡីស័ក និងបុគ្គលបែបណាមិនគួរធ្វើចត្តាឡីស័ក៕
ដោយ៖សហការី