ព័ត៌មានទាន់ហេតុការណ៍៖

សម័យកូវីដ៖ ឈឺក្បាលខ្លាំង តឹងច្រមុះនិង គ្រុនក្តៅ​ជាង ១០ថ្ងៃ​ មិនព្រម​ទៅរក​គ្រូ​ពេទ្យ​ បែរ​ជារត់ទៅស្រោចទឹកគ្រូខ្មែរអស់ ៣គ្រូ ចុងក្រោយ​គ្រូពេទ្យតេស្តឃេីញវិជ្ជមាន​…

ចែករំលែក៖

ខេត្ត​កំពត​៖​ ប្រសិនបើ​បងប្អូនមានអាការគួរឲ្យសង្ស័យមានដូចជា៖ ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ ប៉ុន្តែ​ចម្លែក​តែស្រ្តីម្នាក់​ បន្ទាប់ពី​រូបគាត់មានអាការឈឺក្បាលខ្លាំង តឹងច្រមុះនិង គ្រុនក្តៅ​ជាង ១០ថ្ងៃមកហេីយ​ បែរជាគាត់មិនព្រម​ទៅរក​គ្រូ​ពេទ្យ​ជំនាញ​ ដេីម្បីពិនិត្យព្យាបាលនោះទេ បែរ​ជារត់ទៅឲ្យគ្រូខ្មែរស្រោចទឹកអស់ ៣គ្រូ ចុងក្រោយ​ក៏ទៅស្រុកកំណេីតត្រូវអាជ្ញាធរស្រុកកំពង់ត្រាច​ ខេត្ត​កំពត​ ចុះទៅអនុវត្តន៍វិធានការទប់ស្កាត់ជំងឺកូវីដ​-១៩ ឃេីញថាមានអាការខុសប្រក្រតី​ ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត​ ស្រាប់តែពេទ្យតេស្តឃេីញវិជ្ជមានកូវីដ-១៩​ បង្កការ​ភ្ញាក់ផ្អើល​តែម្តង។

ជាក់ស្ដែង​បេីយោងតាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១នេះថា ឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០​ និង០០នាទីយប់ បានមកដល់ស្រុកកំណេីតរបស់ខ្លួន​ធ្វើដំណើរមកពីភ្នំពេញ​ ដោយម៉ូតូផ្ទាល់ខ្លួន ជាមួយប្ដីឈ្មោះ គង់ ប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូ​ នៅភ្នំពេញ។ នេះបើ​តាមការស្រាវជ្រាវរបស់អាជ្ញាធរមូលដ្ឋាន​ ទៅលេីបុគ្គលខាងលើនេះ ។

ក្រោយទទួលបានព័ត៌មានការវិលត្រឡប់របស់ឈ្មោះស៊ឹម ស៊ីមួយ​ និងស្វាមីឈ្មោះ​ គង់​ ប្រុស​ ភ្លាមនោះ​ ក្រុមការងារឃុំ សហការជាមួយមន្ត្រី សុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យកំដៅ និងតេស្តយកសំណាកពិនិត្យទាំងប្តីប្រពន្ធ ភ្លាមៗតែម្តង ដោយអាការសុខភាពរបស់ពួកគាត់មិនសូវល្អ ក្រុមការងារបានបញ្ជូនគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុក។​ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ លទ្ធផលនៃការយកសំណាក ពិនិត្យវិភាគបានបង្ហាញថា បុគ្គលជាប្រពន្ធឈ្មោះ ស៊ឹម ស៊ីមួយ មានផ្ទុកមេរោគកូវីដ-១៩ និងបុរសជាប្តី អវិជ្ជមាន។

យោងតាមការសាកសួរពីអ្នកជំងឺ​ បានឆ្លេីយប្រាប់ទៅក្រុមគ្រូពេទ្យជំនាញតាមប្រវត្តិនៃការធ្វើដំណើរ មានដូចខាងក្រោម ៖

-ថ្ងៃទី ២០-២១ ខែ មីនា ឆ្នាំ ២០២១ ស្នាក់នៅ ផ្ទះជួល ផ្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារ រតនៈ មានអារម្មណ៍ថាឈឺក្បាល តឹងច្រមុះ ជាជំងឺរាំរ៉ៃយូរហើយ។

-ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ទៅកក់សក់នៅហាង ម្ដុំឈូកទិព្វ (ជាងវៀតណាម ) ។

-ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២១ ទិញបបរអ្នករែកលក់តាមផ្លូវ (វៀតណាម)។

-ថ្ងៃទី ២៥-២៦ ខែ មីនា ឆ្នាំ ២០២១ មានអារម្មណ៍ថាឈឺក្បាលខ្លាំង និង គ្រុនក្តៅ​

-នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ ទៅពេទ្យដារ៉ា នៅម្តុំពេទ្យរុស្សុី ជាប់ហាងសូស៊ីសម្រស់ស្រីអូន (គ្រាន់តែពិគ្រោះមិនបានព្យាបាលទេ) ។

-ព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ធ្វើដំណើរមកខេត្ត កំពត ដល់ថ្នល់បែកគូស ចូលហូបបបរ ប្រហែល ១០នាទី លុះដល់ថ្នល់បែកអង្គសុរភី ចូលទិញទៀន ធូប និង ចូលចាក់សាំង (១០នាទី) ទៅផ្ទះ គ្រូស្រោចទឹក ម្ដុំព្រះវិហារព្រែក ជង្រុក ស្រុកទឹកឈូ ( គ្រូជនជាតិ) ទៅផ្ទះនៅភូមិ ព្រៃព្រួស ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ។

-ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ពេលល្ងាច(គ្រូខ្មែរ ឈ្មោះភ័ណ្ឌ)

-ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ព្រឹកល្ងាច (គ្រូខ្មែរ ឈ្មោះ យាយនេន)

-ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ ពេលថ្ងៃត្រង់មកពេទ្យឯកជនកំពង់ត្រាច (ពេទ្យឡាយ) ហើយពេលល្ងាចក្រុមឆ្លើយតបបន្ទាន់ បានបញ្ជូនគាត់មកមន្ទីរពេទ្យបង្អែកកំពង់ត្រាច(កំដៅ៣៨អង្សា សេ) និង យកសំណាក (គ្លីនិកឯកជន រដ្ឋបាលស្រុកបានផ្អាកធ្វើអាជីវកម្ម និងបានហ៊ុំព័ទ្ធខ្សែសុវត្ថិភាពទី តាំងនោះ) ។

-ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១១៖១០នាទីព្រឹក បានទទួលព័ត៌មានពីក្រសួងសុខាភិបាល ថាមានករណីវិជ្ជមានកូវីដ-១៩។

ដោយឡែក​ចំពោះអ្នកប៉ះពាល់មានដូចខាងក្រោម ៖

ប៉ះពាល់ផ្ទាល់៖ ០៨នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្រះរាជសម្ភារ និង យក សំណាក ។

ប៉ះពាល់ប្រយោល៖ ១១នាក់ អប់រំឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន ។

បច្ចុប្បន្ន​ ប្រពន្ធដែលមានផ្ទុកជំងឺកូវីដ-១៩ និងប្តី ត្រូវបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រាច៕

ដោយ​៖សហការី​


ចែករំលែក៖