ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាណិត!ក្មេងស្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ គ្រាដែលជិះកង់ត្រឡប់ពីសុំលុយម្ដាយទិញនំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ រន្ទះបានប្រល័យជីវិតក្មេងស្រីម្នាក់បន្ទាប់ពីជិះកង់មកពីសុំលុយម្ដាយទិញនំហូបកាលពីវេលាម៉ោង ៣៖៤០នាទីរសៀលនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ១០ ស្តិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

  ក្មេងរងគ្រោះ ឈ្មោះ អៀង លីណា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

 សមត្ថកិច្ចក្នុងមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុមេឃមានសភាពខ្មៅកល់រកភ្លៀងលាយលំខ្យល់ ផ្គររន្ទះ ខណៈនោះគេឃើញ ក្មេងស្រីរងគ្រោះ បានជិះកង់ទៅសុំលុយម្តាយទៅទិញនំហូប ពេលត្រឡប់មកវិញដល់ទីវាលស្រែចំងាយប្រហែល១០០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះ ក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់តែម្តង ។

ក្រោយពីសមត្ថកិច្ច បានចុះត្រួតពិនិត្យសាកសពរួចបង្ហាញថាសពក្មេងរងគ្រោះមិនមានស្លាកស្នាមទៅនិងករណីឃាតកម្មនោះទេ។ ក្រោយពីពិនិត្យរួចរាល់សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖វណ្ណា


ចែករំលែក៖