តាមសារព័ត៌មាន TTXVN បានផ្សាយថា អ្នកនាំពាក្យកម្លាំងប៉ូលិសឥណ្ឌូនេស៊ី លោក Poengky Indarti នៅថ្ងៃទី៥ខែមេសា បានផ្សាយថា ចាប់តាំងពីឆ្នាំ២០១៨ មកដល់ពេលនេះ ក្រុមប្រឆាំងភេរវកម្ម Densus 88 បានចាប់ខ្លួនភេរវករ ១១៧៣នាក់។
តាមការលើកឡើងរបស់លោក Poengky Indarti មានជនសង្ស័យជាច្រើនត្រូវបានចាប់ខ្លួន ប៉ុន្តែដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ទើបត្រូវដោះលែងចេញវិញ ។ រយៈពេលកន្លងមក មានករណីវាយប្រហារភេរវកម្មជាច្រើនកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
នៅថ្ងៃទី២៨ខែមីនាកន្លងមក មានករណីវាយប្រហារគ្រាប់បែកអត្តឃាតនៅមុខព្រះវិហារ Cathedral ក្នុងតំបន់ Makassar បណ្តាលឲ្យមនុស្ស១៤នាក់រងរបួសនិង ២នាក់ស្លាប់។ រយៈពេល៣ថ្ងៃក្រោយមក ក៏មានការវាយប្រហារនៅទីតាំងប៉ូលិសក្នុងរដ្ឋធានីចាការតា ដោយជនដៃដល់បានបាញ់៦គ្រាប់ទៅលើទីតាំងប៉ូលិស ភេរវករក៏ត្រូវកម្លាំងប៉ូលិសបាញ់សម្លាប់ផងដែរ។
នៅពេលនេះដែរ កម្លាំងប៉ូលិសទាហាន ឥណ្ឌូនេស៊ី បានបង្កើនសកម្មភាពយ៉ាមល្បាតនៅតាមទីតាំងសំខាន់ៗ ដោយខ្លាចក្រុមភេរវកម្មបន្តសកម្មភាពវាយប្រហារ ។ ក្រុមភេរវកម្មមានទំនាក់ទំនងស្និទ្ធជាមួយក្រុមភេរវកម្ម IS ដែលតែងតែបង្កការវាយប្រហារ គំរាមកំហែងសន្តិសុខដល់ប្រទេសនេះ៕ ដោយ៖ ធីរីណា
រូបភាព៖AFP/TTXVN