អន្តរជាតិ៖ វាជារឿងប្លែកៗមួយ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ថា លោក Carlos Mayorga ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ Chihuahua នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៦ ខែមេសាកន្លងទៅថ្មីៗនេះ នៅពេលចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយចេញ-ចូលក្នុងមឈូស ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើករណីស្លាប់មនុស្សរាប់ពាន់ម៉ឺននាក់ដោយសារកូវីដ-១៩ និងអំពើហិង្សាផ្សេងទាក់ទងនឹងការបង្ក្រាបក្រុមជូញដូរគ្រឿងញៀន។
ជាក់ស្ដែងយោងតាមការផ្សាយរបស់ AFP យ៉ាងដូច្នេះថា៖ លោក Carlos Mayorga គឺជាបេក្ខជនសភាម្នាក់នៅម៉ិកស៊ិក លោកបានចេញពីក្នុងមឈូសលាបពណ៌មាសមួយ ដោយលោកចង់ផ្ញើសារទៅកាន់បណ្តាអ្នកនយោបាយថា ការសម្រេចចិត្តខុសរបស់ពួកគេនាំឲ្យប្រជាជនស្លាប់។
សូមជម្រាបថា ក្នុងយុទ្ធនាការឃោសនារបស់លោក Mayorga បានចាប់ផ្តើមនៅលើស្ពានមួយនាព្រំប្រទល់ក្រុង Ciudad Juarez រដ្ឋ Chihuahua ជាមួយនឹងក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះបេក្ខជនសភាម៉ិកស៊ិករូបនេះ មានជំនួយការជាច្រើននាក់ដែលសែងមឈូស និងកាន់បាច់ផ្កា ដើម្បីឲ្យពលរដ្ឋម៉ិកស៊ិកទាំងអស់ផ្តោតអារម្មណ៍លើចំនួនមនុស្សដែលស្លាប់កាន់តែច្រើនឡើងនៅប្រទេសក្នុងតំបន់អាមេរិកខាងជើងមួយនេះ។
បើតាម AFP បានបន្តថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅម៉ិកស៊ិក នាពេលបច្ចុប្បន្ននេះ មានសភាពតានតឹងយ៉ាងខ្លាំង ដោយសារហិង្សានយោបាយ ហើយបេក្ខជន១៦ហើយដែលត្រូវបានសម្លាប់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមេសា ម្សិលមិញនេះ នៅម៉ិកស៊ិកមានអ្នកឆ្លងជិត២,៥លាននាក់ដោយស្ថិតនៅលំដាប់ទី១៤លើពិភពលោក ប៉ុន្តែជាប្រទេសទី៣ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង២០ម៉ឺននាក់ បន្ទាប់សហរដ្ឋអាមេរិក ជាង៥៧ម៉ឺននាក់ និងប្រេស៊ីល ជាង៣៤,៥ម៉ឺននាក់។
ដោយឡែកទាក់ទងនឹងករណីស្លាប់ដោយសារប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅម៉ិកស៊ិក មានចំនួនដល់ទៅជាង៣០ម៉ឺននាក់ ពោលគឺចាប់តាំងពីរដ្ឋាភិបាលពង្រាយកម្លាំងទ័ពសម្រាប់សង្គ្រាមប្រឆាំងគ្រឿងញៀនចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ៕
ដោយ៖ស តារា
លោក Carlos Mayorga ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario
រូបថត៖AFP