ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន ចំនួន ២០៩នាក់ ដែលបានមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ចែករំលែក៖

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង អមដំណើរដោយ លោកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន ចំនួន ២០៩នាក់ ដែលបានមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។

ក្នុងឱកាសនៃពិធីនោះដែរ លោក ប្រធានក្រុមការងារបានអប់រំណែនាំជូនដល់បងប្អូនអតីតយុទ្ធជនទាំង២០៩នាក់ ឱ្យមកចូលរួមចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាលជាអ្នកខិតខំប្រឹងប្រែងស្វែងរកដើម្បីចាក់ជូនបងប្អូនទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដើម្បីការពារពីជំងឺរាតត្បាតកូវីដ-១៩ដ៏សាហាវនេះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរត់ទៅរកការចាក់វ៉ាក់សាំងតាមគោលការណ៍កំណត់ និងថែទាំសុខភាពឱ្យបានល្អប្រសើរ ជាពិសេសត្រូវអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនទាំង២០៩នាក់ សម្រាប់ពិធីបុណ្យចូលឆ្នាំនៅផ្ទះរៀងៗខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖