ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ-១៩… !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា, ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។

លោកថ្លែងបន្តថា, ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា, ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។

ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។

មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។

ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ-១៩ ឲ្យអស់ពីទឹកដីខ្មែរយើង 🙏៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖