ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យអភិបាលខណ្ឌស្រង់ស្ថិតិកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំ ណោយជូនពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋាន
ចំនួន ៣ខណ្ឌ ដើម្បីការពារជំងឺកូវីដ-១៩ ត្រូវស្រង់ស្ថិតិពលរដ្ឋឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។

         ក្នុងកិច្ចប្រជុំនោះផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ ស្ដីពីការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ការងារស្ថិតិបន្ទប់ជួល ផ្ទះជួលនិងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង​ និងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។ 

       លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖ការចែកអំណោយនៅតំបន់បិទខ្ទប់ យើងត្រូវចែកជូនបងប្អូន កម្មករ កម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់បំផុត។ 

    លោកឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចំពោះខណ្ឌ១១ទៀតដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើងយើងមានស្ថិតិនៅក្នុងដៃស្រាប់។យើងទាំងអស់គ្នាត្រូវចូលរួមការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តឱ្យបាន ” ៣ការពារ ៣កុំ ” ព្រមទាំងការអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ-១៩៕

ដោយ៖ សំរិត


ចែករំលែក៖