ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី​ អះអាងថា ៖ ខ្លួនពេញចិត្តប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន Sinovac

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមអ្នកនាំពាក្យក្នុងកម្មវិធីវ៉ាក់សាំងកូវីដ-១៩ របស់ ឥណ្ឌូនេស៊ី លោកស្រី Siti Nadia Tarmizi បានអះអាងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២១ថា ខ្លួនពេញចិត្តប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន Sinovac ដែលខ្លួនកំពុងប្រើប្រាស់។ ការអះអាងនេះ ធ្វើឡើងក្រោយមន្រ្តីចិនលើកឡើងពី ប្រសិទ្ធភាពមិនសូវខ្ពស់របស់វ៉ាក់សាំងចិន។

លោកស្រី Siti Nadia Tarmizi បានលើកយករបាយការណ៍របស់អង្គការសុខភាពពិភពលោក​ ដែលរកឃើញថា វ៉ាក់សាំងរបស់ចិន បានបំពេញគ្រប់តាមតម្រូវការដោយមានប្រសិទ្ធភាព លើស៥០ភាគរយ។ មិនតែប៉ុណ្ណោះ​ ឥណ្ឌូនេស៊ី ហាក់មិនខ្វល់ខ្វាយ​ នឹងរបាយការណ៍ដែលមន្ត្រីចិននិយាយពាក់ព័ន្ធប្រសិទ្ធភាពទាបរបស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិនឡើយ។

បន្ថែមពីនេះ​​ លោកស្រី Siti Nadia Tarmizi បានកត់សម្គាល់ថា ចំពោះការសាកល្បងរបស់វ៉ាក់សាំងក្រុមហ៊ុន Sinovac នៅឥណ្ឌូនេស៊ី ប្រសិទ្ធភាពមានដល់ទៅ៦៥ភាគរយផងដែរ។ អ្នកនាំពាក្យរូបនេះ​ បានបន្ថែមដូច្នេះថា៖«វាមានន័យថា យើងកំពុងនិយាយអំពីសមត្ថភាពក្នុងការបង្កើតអង្គបដិប្រាណ នៅក្នុងខ្លួនរបស់យើងដែលមានលទ្ធផលយ៉ាងប្រសើរ»។​

លោកស្រី Tarmizi បានលើកឡើងទៀតថា ឥណ្ឌូនេស៊ី នឹងរង់ចាំមើលការសាកល្បង របស់ចិនដើម្បីធានាថា គំនិតថ្មី ក្នុងការលាយវ៉ាក់សាំងនេះនឹងធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែ ខ្លាំង ក៏ដូចជាមានសមត្ថភាពបង្កើតប្រព័ន្ធភាពស៊ាំបានរឹងមាំខ្លាំងឡើងបើប្រៀបធៀបនឹងវ៉ាក់សាំង បច្ចុប្បន្ន ឬយ៉ាងណា។

ចំណែក​លោក Gao Fu ប្រធានមជ្ឈមណ្ឌលបង្ការជំងឺឆ្លងរបស់ចិន ត្រូវបានសារព័ត៌មាននានាស្រង់សម្ដី ថា៖ វ៉ាក់សាំងការពារកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅមានប្រសិទ្ធភាពទាបនៅឡើយ។ ហេតុនេះ ចិនកំពុងពិចារណាពីយុទ្ធសាស្ត្រថ្មីគឺការលាយវ៉ាក់សាំងដើម្បីជំរុញប្រសិទ្ធភាពវ៉ាក់សាំង។

ដោយឡែក​បើតាមទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា​ អ្នកជំនាញខ្លះជឿថា ការលាយវ៉ាក់សាំង អាចបង្កើនប្រសិទ្ធភាពក្នុងការ ការពារប្រឆាំងនឹងវីរុស។ ខណៈដែល​ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេស​ ក៏កំពុងសិក្សាពីការលាយបញ្ចូលគ្នា រវាងវ៉ាក់សាំងរបស់ Pfizer និង AstraZeneca ផងដែរ។

សូមជម្រាបថា​ បច្ចុប្បន្ននេះ ចិនមានវ៉ាក់សាំងចំនួន ៥ ដែលត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំ របស់ខ្លួន។​ ប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះមានចាប់ពីជាង៥០ភាគរយទៅ៧៩ភាគរយ។

គួរបញ្ជាក់ថា​ រដ្ឋាភិបាលចិន​ បានចែកចាយវ៉ាក់សាំងផលិតក្នុងស្រុករាប់រយលានដូសទៅបណ្តាប្រទេសជាច្រើន ខណៈឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងរបស់ Sinovac ជាង៥៣,៥លានដូសមកហើយ និងបានបញ្ជាទិញវ៉ាក់សាំង Sinopharm ចំនួន១៥លានដូសពីចិនទៀត៕ ដោយ​៖ស​ តារា

រូបភាព​៖AFP


ចែករំលែក៖