ខេត្តក្រចេះ ៖ បេីតាមការបញ្ជាក់ពីអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) នៅថ្ងៃអង្គារទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានសហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ដែលជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន ១៤៨ក្បាល ដែលមានអាយុចន្លោះពី ១សប្តាហ៍ទៅ ៣សប្តាហ៍ ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
អង្គការWCS បានបញ្ជាក់ទៀតថា នៅក្នុងរដូវពងកូនឆ្នាំ២០២១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះក្រុមការពារសម្បុកនៅតាមសហគមន៍ បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ៥៨សម្បុក មាន២.០៥៨ពងហើយគិត ត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន៥៥៩កូនបានញាស់ចេញ ពីសម្បុកចំនួន ២៨សម្បុក ដោយជោគជ័យ។
ជាមួយគ្នានេះ អង្គការសមាគមន៍អភិរក្សសត្វព្រៃ បានបន្ថែមទៀតថា៖ កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែងត្រូវបានក្រុម ការពារសម្បុកយកទៅរក្សាទុកក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្នដើម្បីឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារគ្រោងនឹងលែងកូនល្មិចទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ ដោយ៖សហការី