ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើសការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
យោងតាមរបាយការណ៍របស់អគ្គលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានចាក់វ៉ាក់សាំងរួចរាល់នេះ ស្មើនឹង៨៣ភាគរយនៃចំនួនសរុប។ ដូច្នេះផ្អែកតាមតួលេខសរុប នៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយដែលនៅមិនទាន់បានចាក់វ៉ាក់សាំង។
បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងនៅកម្ពុជា និងជុំវិញពិភពលោក៕
ដោយ៖ សិលា