ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ បាញ់ប្រហារនៅទីតាំង FedEx មានបុគ្គលិកដល់ទៅ៤ពាន់នាក់ បណ្តាលឲ្យស្លាប់៨នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ ដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងមួយរូបនៅទីតាំងចែកចាយ ដឹកជញ្ជូន FedEx ស្ថិតនៅទីក្រុង Indianapolis រដ្ឋ Indiana អាមេរិក នាថ្ងៃទី ១៥ខែមេសា(ពេលវេលាអាមេរិក)។
លោកស្រី Genae Cook អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុង Indianapolis បានបញ្ជាក់ថា កម្លាំងប៉ូលិសបានទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការបាញ់ប្រហារនៅវេលាម៉ោង ២៣ ថ្ងៃទី១៥ខែមេសា។ លោកស្រី Genae Cook បញ្ជាក់ទៀតថា មានមនុស្ស៨នាក់ស្លាប់ ដោយមិនគិតរួមទាំងខ្មាន់កាំភ្លើងឡើយ។
លោកស្រីបន្តទៀតថា មកទល់ពេលនេះយើងមិនទាន់អាចសន្និដ្ឋានបានថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារជាបុគ្គលិកក្រុមហ៊ុននេះឬក៏ជាអ្នកក្រៅនោះឡើយ។ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវ។
បុគ្គលិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គាត់បានឮសូរស្នូរកាំភ្លើងជាច្រើនគ្រាប់នៅកន្លែងធ្វើការ ដោយបានមើលឃើញខ្មាន់កាំភ្លើងផងដែរ។ កាលពីដើមខែមេសានេះប្រធានាធិបតីបៃឌិន បានប្រកាសច្បាប់គ្រប់គ្រងកាំភ្លើង ។ លោកបៃឌិនបញ្ជាក់ថា «អំពើហិង្សាដោយកាំភ្លើង និងជំងឺឆ្លងកូវីដ-១៩ គឺជារឿងអាម៉ាស់បំផុតចំពោះពិភពលោក ។ ដើម្បីព្រះជាម្ចាស់ យើងត្រូវតែបញ្ឈប់ ហេតុការណ៍ទាំងនោះ»។
ក្រសួងយុត្តិធម៌អាមេរិកនឹងបង្កើនសកម្មភាពបោសសម្អាតការលក់កាំភ្លើងខុសច្បាប់ និងស្នើដល់បណ្តារដ្ឋអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងឲ្យបានល្អបំផុត៕ ដោយ៖ ធីរីណា

រូបភាព៖ VTC


ចែករំលែក៖