ខេត្តមណ្ឌលគិរី ៖ ភ្លាមៗក្រោយទទួលដំណឹងករណីគ្រោះធម្មជាតិរន្ទះបាញ់មនុស្សបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានចុះពិនិត្យទីកន្លែងកើតហេតុ និងចូលរួមបុណ្យសពជនរងគ្រោះក្នុងឧបទ្ទេវហេតុនេះ នាព្រឹកថ្ងៃទី១៦ មេសា ២០២១។
លោកស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការសាខា ពិតជាមានក្តីរន្ឋត់តក់ស្លុតជាខ្លាំងក្រោយទទួលបានព័ត៌មានគ្រោះថ្នាក់ធម្មជាតិពីរករណីក្នុងពេលតែមួយ បណ្តាលឲ្យមានប្រជាពលរដ្ឋម្នាក់បាត់បង់ជីវិត និងមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់។
លោកប្រធានសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច មានការសោកស្តាយជាខ្លាំង ចំពោះហេតុការដែលបានកើតឡើងលើបងប្អូនអ្នកភូមិ និងបានចូលរួមឧបត្ថម្ភថវិការនិងគ្រឿងឧបភោគបរិភោគដល់គ្រួសាររងគ្រោះទាំងពីរ ដើម្បីរំលែកការលំបាកចំពោះមុខ។
សូមបញ្ជាក់ថា នារីវ័យ១៨ឆ្នាំម្នាក់បានស្លាប់នៅតាមផ្លូវ អំឡុងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរអាម រួមទាំងលោកអធិការរងនគរបាលស្រុកកែវសីមាម្នាក់ទៀត ក៏បានរងរបួសក្នុងហេតុការណ៍រន្ទះបាញ់ ដែលបានកើតឡើង នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៦ មេសា ២០២១ ។
សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ថា មានភ្លៀងមួយមេធំបានបង្អុរនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានករណីរន្ទះបាញ់កើតឡើងនៅចំនុចគីឡូលេខ៣៧ ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបណ្តាលឲ្យជនរងគ្រោះឈ្មោះ គង់ ច្រិច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើបានស្លាប់។
ក្នុងពេលជាមួយគ្នានេះសមត្ថកិច្ចប្រចាំការនៅចំនុចគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ក៏ជួបគ្រោះថ្នាក់រន្ទះបាញ់នេះ បណ្តាលឲ្យមន្ត្រីនគរបាលនិងអាវុធហត្ថជាច្រើននាក់ត្រូវចំហាយបណ្តាលឲ្យរងរបួស ប៉ុន្តែលោកអធិការរងម្នាក់ដែលស្ថិតក្នុងហេតុការនោះ ត្រូវរបួសធ្ងន់ជាងគេកំពុងសម្រាកនៅមន្ទីរពេទ្យ។
ជនរងគ្រោះម្នាក់ឈ្មោះ កែវ សាវុធ ហៅមុត ភេទប្រុស អាយុ៥២ មុខរបរ អធិការរងស្រុកកែវសីមា( របួសស្រាល)ដែលកើតឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕
ដោយ៖ សូរិយា