ក្រុមតោខៀវ Chelsea បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមមេឃខៀវ Manchester City ក្នុងការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រ ខណៈដែលក្រុមតោខៀវបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wembley ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។
ក្រុម Man City និង Chelsea ធ្លាប់បានការពារកៅអីរបស់ពួកគេក្នុងវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅសប្តាហ៍នេះ ប៉ុន្តែក្រុមរបស់លោក Pep Guardiola បានមើលឃើញនូវពានរង្វាន់ចំនួន៤ទៀតនៅក្នុងស្រុក ខណៈដែលពួកគេមានសង្ឃឹមឈ្នះពាន Premier League ហើយក៏នឹងត្រូវជួបជាមួយ Tottenham ផងដែរក្នុងពានរង្វាន់ League Cup។
ទោះយ៉ាងណា Chelsea មានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup នៅពេលដែលកីឡាករ Hakim Ziyech រកបាន១គ្រាប់គត់នៅនាទីទី៥៥ ដោយត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Leicester City ឬ Southampton ដែលត្រូវប្រកួតគ្នានៅយប់នេះ។
កីឡាករ Ziyech មានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅក្រៅទីលាន ប៉ុន្តែវាគ្រប់គ្រាន់ហើយក្នុងការផ្តួលក្រុមMan City ដែលធ្លាប់បានឈ្នះ៨ដង ហើយក្រុម Man City កំពុងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនៅក្របខ័ណ្ឌ Champions League ក្រោយពីទម្លាក់ក្រុម BorussiaDortmund ។
ជ័យជម្នះនេះធ្វើឲ្យក្រុមតោខៀវ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងរយៈពេល៤ដងនៃ ៥រដូវកាលចុងក្រោយនេះ ដោយមានតែក្រុម Arsenal (២១ដង) និងក្រុម Manchester United (២០ដង) ប៉ុណ្ណោះដែលបានឈានដល់វគ្គបង្ហាញការប្រកួតនេះក្នុងឱកាសច្រើនជាងក្រុមតោខៀវ (១៥ដង) ។
លោក Tuchel គ្រូបង្វឹកក្រុមតោខៀវបានក្លាយជាអ្នកចាត់ការទូទៅជនជាតិអាឡឺម៉ង់ដំបូងបង្អស់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អង់គ្លេស FA Cup នេះ។
បច្ចុប្បន្នក្រុម Manchester City ត្រូវបានជម្រុះចេញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេល៣រដូវកាលក្នុងចំណោម៥រដូវកាលរបស់ពួកគេក្រោមការដឹកនាំរបស់លោក Guardiola ដោយក្រុមនេះបានបំបាក់គូប្រកួតវគ្គផ្តាច់ព្រ័ត្រ២ដងផងដែរដើម្បីឈ្នះការប្រកួត (Arsenal ទាំង២ គឺឆ្នាំ២០១៧ និងឆ្នាំ២០២០) ៕ដោយ៖ ភារៈ