ខេត្តកណ្ដាល៖ នៅយប់ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីអនុវត្តយន្តការ គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្នុងការគាំពារប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ តាមសេចក្តីសម្រចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (Zoom Meeting) ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងគណៈអភិបាលក្រុង ស្រុកទាំង១១ ព្រមទាំងក្រុមការងារពាក់ព័ន្ធផងដែរ។
ចំពោះមុខនេះ រដ្ឋបាលខេត្តកណ្តាល ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងសហភាពសហព័ន្ធយុវជន(ស.ស.យ.ក)ខេត្ត ដេីម្បីចុះចែកជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនរងគ្រោះ ដែលរងផលប៉ះពាល់នេះ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត បានណែនាំទៅគណៈអភិបាលក្រុង ស្រុកទាំងអស់ យកចិត្តទុកដាក់រៀបចំកម្លាំងត្រួតពិនិត្យការលួចធ្វេីដំណេីរតាមផ្លូវទឹក ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕