ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ចេញ អង្ករ១៤០តោន របស់ សម្ដេចតេជោ ដោយបានបញ្ជាឲ្យ អភិបាលខណ្ឌទាំង១៤ មកទទួល ដើម្បីយកទៅបែងចែក ជូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជាស្បៀងអាហារក្នុងកំឡុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់។
លោក ឃួង ស្រេង បានបញ្ជាបែបនេះ ទាំងយប់ថ្ងៃទី១៨ មេសា ឲ្យអភិបាលខណ្ឌទាំង ១៤ មកទទួល នៅថ្ងៃទី១៩ មេសានេះ ជាអំណោយរបស់ សម្ដេចតេជោ ។
លោក ឃួង ស្រេង បានប្រកាសបញ្ចេញអង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមាណ ១៤០តោននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ដោយផ្តល់ទៅមួយខណ្ឌចំនួន ១០តោន។ អង្ករទាំងអស់នេះ ទុកឱ្យអភិបាលខណ្ឌយកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងអាហារ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យអភិបាលខណ្ឌទាំងអស់ តាមដានឱ្យជាប់ជាប្រចាំលើ បណ្តាញ សង្គមហ្វេសប៊ុក ដើម្បីពិនិត្យមើលការ ដង្ហោយហៅរកជំនួយពីសំណាក់ប្រជាពលរដ្ឋ ដែលខ្វះខាត។
សូមបញ្ជាក់ថា ក្នុងកំឡុងពេលប្រទេសជាតិកំពុងជួបបញ្ហាដោយសារជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាគោលការណ៍ផ្តល់ថវិកា និងស្បៀងអាហារផ្សេងៗ សម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ហើយក៏បានណែនាំឱ្យគិតគូរផ្តល់ស្បៀងអាហារសម្រាប់អ្នកខ្វះខាត ក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញផងដែរ៕
ដោយ៖ សំរិត