ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគ៥ប្រជុំសប្តាហ៍ទី២ខែមេសាដោះស្រាយបញ្ហាលើការងារ១ចំនួនធំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ  ៨កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ទី២ ខែមេសា ឆ្នាំ២០២១និងផែនការអនុវត្តបន្ត ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការយោធភូមិភាគទី ៥ ។

       ចូលរួមប្រជុំមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគក៏ដូចជានាយកមន្ទីរពេទ្យ នាយកសាលាពលទាហានទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង  មេបញ្ជាការវរសេនាតូចចំណុះយោធភូមិភាគទី៥ នៅបន្ទប់ប្រជុំយោធភូមិភាគ។

      មានប្រសាសន៍បូកសរុបលោក មេបញ្ជាការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទាំងអស់កន្លងមកដែលអនុវត្តបានល្អតាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបានបញ្ជូនកម្លាំងចុះតាមព្រំដែនធ្វើការត្រួតពិនិត្យពលករឆ្លងដែនមកពីថៃនិងបានចុះជួយប្រជាពលរដ្ឋខ្វះខាតពិសេសចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់។

សូមថ្លែងអំណរគុណដល់ ក្រុមការងារប្រតិបត្តិការក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅយោធភូមិភាគទី៥បានខិតខំរៀបចំចាក់ថ្នាំជូនអតីតយុទ្ធជននិងគ្រួសារកងទ័ពដំណើរការរលូន។

      ទិសដៅបន្តស្នើតាមដានក្តាប់សភាពការណ៍ព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេល។

ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសការចុះជួយសង្គ្រោះប្រជាពលរដ្ឋ។

ត្រូវណែនាំអប់រំជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ត្រូវតែអនុវត្តតាមវិធានការសុខាភិបាលនិងបន្តអនុវត្តឲ្យម៉ឺងម៉ាត់ ៣ការពារនិង៣កុំ  ដើម្បីបញ្ចប់ការរាលដាលកូវីដ-១៩ក្នុងសហគមន៍។

បន្តរៀបចំចាក់វ៉ាក់សាំងជូនដល់គ្រួសារកងទ័ពក្នុងទិសយោធភូមិភាគទី៥៕

ដោយ៖ សូរិយា


ចែករំលែក៖