ខេត្តកោះកុង៖ បេីតាមការបញ្ជាក់ពីអាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានវាយតម្លៃពីស្ថានការណ៍ក្នុងបរិបទស្តីពីការព្រួយបារម្ភនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតសព្វថ្ងៃនេះ សង្កេតឃើញថា ក្រុមប្រជាពលរដ្ឋ អាជីវករប្រតិបត្តិការ និងយុវជន ហាក់បានចូលរួមទប់ស្កាត់អនុវត្តវិធានការក្រសួងសុខាភិបាល បានស្ទើរ១០០ភាគរយ។
ជាក់ស្ដែងចាប់តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកទល់ពេលនេះ សង្កេតឃើញមានប្រជាពលរដ្ឋ អាជីវករលក់ដូរ និងយុវជន ចូលរួមគោរពពីវិធានការណែនាំអប់រំរបស់អាជ្ញាធរពាក់ព័ន្ធ តាមរយៈមិនប្រមូលផ្តុំគ្នីគ្នាច្រើនពាក់ម៉ាសរាល់ ចេញធ្វើដំណើរ និងមិនលក់ដូរស្រាបៀរជូនអតិថិជន ជាដើម។
បើតាមការលើកឡើងរបស់លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ. បានបញ្ជាក់ថា ក្រោយលោកដឹកនាំកងកម្លាំងសមត្ថកិច្ចចម្រុះចុះល្បាតពិនិត្យតាមភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន។
អភិបាលរងក្រុងរូបនេះ បន្តថា ភោជនីយដ្ឋានអាហារក្លិបកម្សាន្ត និងហាងម៉ាស្សាត្រូវបានបិទផ្អាកអាជីវកម្មរបស់ខ្លួន ដោយឈរលើគោលការណ៍ទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ដែរថា ពលរដ្ឋ អាជីករ និងយុវជនយុវនារី មួយភាគតូច នៅតែបន្តបំពានដែលផ្ទុយពីការណែនាំកន្លងទៅ ដោយមានការប្រមូលផ្តុំជួបគ្នាតាមទីសាធារណៈ លេងល្បែងស៊ីសង និងហូបចុកស្រាបៀរផងដែរ ។
ជាមួយគ្នានោះ លោក សៀង កក្កដា អភិបាលរងក្រុង និងលោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ប្រសិនបើរកឃើញមុខមាត់ក្រុមមនុស្សដដែលបន្តមានវត្តមានប្រមូលផ្តុំគ្នា ហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ នឹងរងការពិន័យទៅតាមច្បាប់គ្មានការលើកលែងនោះទេ។
គួរបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងអំឡុងខែមេសានេះ បានដាក់វេនប្រចាំការល្បាតពិនិត្យក្នុងភូមិសាស្ត្រគោលដៅ នីមួយៗដើម្បីតាមដានមើលថាតើពលរដ្ឋអាជីករនិងយុវជនណាខ្លះនៅតែបន្តបំពានមិនគោរពអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រោះកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន អាជ្ញាធរ មន្ទីរជំនាញ បានផ្សព្វផ្សាយអប់រំណែនាំខ្លឹមសារច្បាប់និងសេចក្តីជូនដំណឹងជាច្រើន មកហើយពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ទៅកាន់សាធារណជន ដើម្បីគាំទ្រការពារទប់ស្កាត់ទាំងអស់គ្នា។
បន្ថែមពីនេះ ជាពិសេសគឺសារាចរណែនាំផ្អាកការលក់ដូរគ្រឿងស្រវឹងនៅតាមភោជណីយដ្ឋាន អាហារដ្ឋាន ក្លិបកម្សាន្ត កន្លែងម៉ាស្សា និងអាជីវកម្មផ្សេងៗតបនឹងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ៕ ដោយ៖សហការី