ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្តកោះកុង​ វាយតម្លៃ​ពលរដ្ឋ​ អាជីវករ​ និងក្រុមយុវជន​ នាំគ្នាចូលរួម​អនុវត្ត​​វិធាន​ការ​សុខាភិបាល​ បាន​ស្ទើរ​១០០​ភាគរយ​

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេីតាមការ​បញ្ជាក់ពី​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ នៅព្រឹក​ថ្ងៃ​ទី១៩​ ខែមេសា​ ឆ្នាំ​២០២១​ បាន​វាយតម្លៃ​ពី​ស្ថានការណ៍​ក្នុង​បរិបទ​ស្តី​ពីការព្រួយ​បារម្ភ​នៃជំងឺ​កូ​វី​ដ-១៩​ ដែលកំពុង​រាតត្បាត​សព្វថ្ងៃ​នេះ​ សង្កេត​ឃើញ​ថា​ ​ក្រុម​ប្រជាពលរដ្ឋ​ ​អាជីវករ​ប្រតិបត្តិការ​ និង​យុវជន​ ហាក់​បាន​ចូលរួមទប់ស្កាត់​អនុវត្ត​​វិធាន​ការ​ក្រសួងសុខាភិបាល​ ​បាន​ស្ទើរ​១០០​ភាគរយ​។​

ជាក់ស្ដែង​ចាប់តាំងពី​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ មកទល់ពេលនេះ សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ និង​យុវជន ចូលរួម​គោរព​ពី​វិធានការ​ណែនាំ​អប់រំ​របស់​អាជ្ញាធរ​ពា​ក់​ព័ន្ធ តាមរយៈ​មិន​ប្រមូលផ្តុំ​គ្នីគ្នា​ច្រើន​ពាក់​ម៉ា​សរាល់ ចេញ​ធ្វើដំណើរ និង​មិន​លក់ដូរ​ស្រា​បៀរ​ជូន​អតិថិជន ជាដើម​។​

​បើតាមការលើកឡើងរបស់លោក សៀង កក្កដា អភិបាលរងក្រុង​ខេមរភូមិន្ទ កាលពី​យប់​ថ្ងៃទី​១៨ ​ខែមេសា​ ឆ្នាំ២០២១ម្សិលមិញនេះ. បានបញ្ជាក់ថា ក្រោយ​លោកដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ល្បាត​ពិនិត្យ​តាម​ភូមិសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន​។​

​អភិបាលរងក្រុងរូបនេះ បន្តថា ភោជនីយដ្ឋាន​អាហារ​ក្លិប​កម្សាន្ត​ ​និង​ហាង​ម៉ាស្សា​ត្រូវបាន​បិទ​ផ្អាក​អាជីវកម្ម​របស់ខ្លួន ដោយ​ឈរលើ​គោលការណ៍​ទទួលខុសត្រូវ​ខ្ពស់​ចំពោះមុខ​ច្បាប់ និង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល រដ្ឋបាលខេត្ត ក្រុង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប៉ុន្តែទោះជាយ៉ាងណា លោក​ក៏​ទទួលស្គាល់​ដែរ​ថា ពលរដ្ឋ អា​ជីករ និង​យុវជន​យុវនារី មួយ​ភាគ​តូច​ នៅតែ​បន្ត​បំពាន​ដែល​ផ្ទុយ​ពី​ការណែនាំ​កន្លងទៅ ដោយមាន​ការប្រមូលផ្តុំ​ជួបគ្នា​តាម​ទីសាធារណៈ លេងល្បែង​ស៊ីសង និង​ហូបចុក​ស្រា​បៀរផងដែរ ។​

​​ជាមួយគ្នានោះ លោក សៀង កក្កដា អភិបាលរងក្រុង និង​លោក ឈឹម ចិន អភិបាលរងក្រុង​ខេមរភូមិន្ទ បានគូសបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ប្រសិនបើ​រកឃើញ​មុខមាត់​ក្រុមមនុស្ស​ដដែល​បន្ត​មាន​វត្តមាន​ប្រមូល​ផ្តុំគ្នា ហូបចុក​គ្រឿង​ស្រវឹង មិន​ពាក់​ម៉ាស់ នឹងរង​ការពិន័យ​ទៅតាម​ច្បាប់​គ្មាន​ការលើកលែង​នោះទេ​។​

គួរបញ្ជាក់ថា ​​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច ​ក្នុងអំឡុង​ខែមេសា​នេះ បានដាក់​វេន​ប្រចាំការ​ល្បាត​ពិនិត្យ​ក្នុងភូមិ​សាស្ត្រ​គោលដៅ នីមួយៗ​ដើម្បី​តាមដាន​មើលថា​តើ​ពលរដ្ឋ​អា​ជីករ​និង​យុវជន​ណាខ្លះ​នៅតែ​បន្ត​បំពាន​មិន​គោរព​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ព្រោះកន្លងទៅ ក៏ដូចជា​បច្ចុប្បន្ន អាជ្ញាធរ មន្ទីរជំនាញ បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ខ្លឹមសារ​ច្បាប់​និង​សេចក្តីជូនដំណឹង​ជាច្រើន មកហើយ​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ទៅកាន់​សាធារណជន ដើម្បី​គាំទ្រ​ការពារ​ទប់ស្កាត់​ទាំងអស់គ្នា​។

បន្ថែមពីនេះ ​ជាពិសេសគឺ​សារាចរ​ណែនាំ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​នៅតាម​ភោជណីយដ្ឋាន អាហា​រដ្ឋា​ន ក្លិប​កម្សាន្ត កន្លែង​ម៉ាស្សា និង​អាជីវកម្ម​ផ្សេងៗ​តប​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួមអនុវត្តវិធានការ ​៣​កុំ​ ៣​ការពារ​៕ ​ដោយ៖សហការី


ចែករំលែក៖