កម្លាំងទាហានឥណ្ឌូនេស៊ីបានស្នើដល់សហគមន៍អន្តរជាតិជួយស្រង់នាវាមុជទឹក KRI Nanggala 402 ដែលលិចនៅសមុទ្រកោះបាលីក្នុងជម្រៅ៨៥០ម៉ែត្រ។
កម្លាំងទាហានឥណ្ឌូនេស៊ីបានស្នើដល់ការិយាល័យក្រុមជួយសង្គ្រោះនិងស្វែងរកនាវាមុជទឹកអន្តរជាតិ(ISMERLO)ជួយស្រង់នាវាមុជទឹករបស់ខ្លួន ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី លោក Hadi Tjahjanto បានឱ្យដឹងថា ដើម្បីស្រង់នាវាមុជទឹកឡើងមកវិញគឺចាំបាច់ត្រូវតែមានកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ។
តាមសារព័ត៌មាន Vov បានដកស្រង់សម្តីអគ្គមេបញ្ជាការ លោក Hadi Tjahjanto ដែលបានឱ្យដឹងថា នាវាមុជទឹកបាក់ជា៣កំណាត់ ។ កម្លាំងទាហានជើងទឹកក៏ថតបានរូបភាពនាវាមុជទឹកនៅបាតសមុទ្រ ក៏ដូចជាសម្លៀកបំពាក់និងសម្ភារប្រើប្រាស់របស់នាវិកទាំង៥៣នាក់។
នៅពេលនេះ គឺមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នោះឡើយ។ កម្លាំងទាហានឥណ្ឌូនេស៊ី ក៏មិនទាន់មានការសន្និដ្ឋានអ្វីនោះដែរ ប៉ុន្តែបានលើកឡើងថា នាវាខាងលើអាចដាច់ភ្លើងទើបមិនអាចបញ្ជូននាវាឡើងមកលើវិញបាន។
ជាមួយគ្នានេះដែរ អតីតមន្ត្រីយោធា ឥណ្ឌូនេស៊ីលោក Hasanuddin បានលើកឡើងថា នាវាមុជទឹកអាច មានបញ្ហាបច្ចេកទេសក្រោយការជួសជុលនៅកូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ២០១០និង២០១២៕ដោយ៖ ធីរីណា
រូបភាព៖ baobacgiang.com