ខេត្តបន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា នៅព្រឹកថ្ងៃពុធទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក ប៉ោ វណ្ណាត ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាតំណាង និងក្រុមការងារ បាននាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ក្នុងពិធីប្រគល់នេះដែរ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទចុះទទួលផ្ទាល់។
បេីតាមសំណេររបស់លោករដ្ឋលេខាធិការរូបនេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ អំណោយដែលលោក ប៉ោ វណ្ណាត និងក្រុមការងារ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ នាឱកាសនោះរួមមាន ៖ ម៉ាសការពារ ចំនួន ៥០,០០០ម៉ាស អាវពេទ្យ ចំនួន ១,២០០អាវ និងមួកពេទ្យ ចំនួន ១,២០០មួក ។
គួរបញ្ជាក់ថា មួយរយៈពេលនៃជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅកម្ពុជា លោក ស សុខា បាននាំយកអំណោយប្រគល់ជូនរដ្ឋបាលតាមបណ្ដាខេត្តនានា ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕ដោយ ៖ សហការី