ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងត្រីមាសដំបូង ឆ្នាំនេះ!​ Tesla ប្រកាសចំណេញ​ប្រាក់​៤៣៨លានដុល្លារ លើការលក់ដាច់ខ្លាំង នៃរថយន្តអគ្គីសនី

ចែករំលែក៖

អន្តរជាតិ​៖ ក្រុមហ៊ុន Tesla នៅថ្ងៃចន្ទទី២៧​ ខែមេសា​ ឆ្នាំ​២០២១ បានប្រកាសពីត្រីមាសដែលទទួលបានប្រាក់ចំណេញជាប់គ្នា ទី៧លើការលក់ដាច់ខ្លាំង នៃរថយន្តអគ្គីសនី​ ខណៈ​ដែល​ក្រុម​ហ៊ុន​មួយនេះទទួលបានការគាំទ្រខ្លាំង។

ជាក់ស្ដែង​ក្រុមហ៊ុន Tesla បានប្រកាសទទួលបានប្រាក់ចំណេញ ចំនួន៤៣៨លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២១នេះ ពោលគឺគិតត្រឹមថ្ងៃទី៣១ ខែមីនា, ស្របពេលដែលការលក់ មានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន រហូតដល់ជិត១៨៥,០០០គ្រឿង។​ នេះ​បើ​យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

បន្ថែមពីនេះ​ ក្រុមហ៊ុន​មួយ​នេះ​ បានលើកឡើងទៀតថា បូកសរុបប្រាក់ចំណូលសុទ្ធ, មិនរាប់បញ្ចូលប្រាក់កម្រៃផ្អែកលើភាគហ៊ុន, បានកើនឡើងលើស១ពាន់លានដុល្លារ ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនរបស់ខ្លួន។

គួរបញ្ជាក់ថា​ Tesla, ដែលបច្ចុប្បន្ន បានក្លាយជាក្រុមហ៊ុន មានតម្លៃទីផ្សារធំជាងគេបំផុតលំដាប់ទី៦ នៃក្រុមហ៊ុនទាំងអស់ នៅផ្សារភាគហ៊ុន S&P 500 មានតម្លៃ៧០៨,៥៦ពាន់លានដុល្លារនោះ,​ មិនតែប៉ុណ្ណោះ​ ត្រូវបានគេមើលឃើញថា តម្លៃភាគហ៊ុនបានធ្លាក់ចុះ ប្រមាណ២,៥ភាគរយ នៅមុនពេលការជួញដូរ នៅថ្ងៃដដែល​នេះ៕ដោយ​៖ស​ តារា

រូបភាព​៖​ Twitter


ចែករំលែក៖