ព័ត៌មានទាន់ហេតុការណ៍៖

យោធាមីយ៉ាន់ម៉ា៖ បើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅតាមព្រំដែនប្រទេសថៃ

ចែករំលែក៖

អន្តរជាតិ​៖ មន្ត្រីថៃម្នាក់​ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ថា៖​ យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម ខណៈការវាយប្រយុទ្ធគ្នាមានសភាពកាន់តែខ្លាំងក្លានៅតាមព្រំដែនប្រទេសថៃ។

សារព័ត៌មាន AFP បន្ត​ថា​ ក្រុម​ចលនាប្រឆាំងរបបយោធា បានទទួលការគាំទ្រពីក្រុមឧទ្ទាមជនជាតិភាគតិចមួយចំនួន ដែលគ្រប់គ្រងទឹកដីនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា។ ចំណែក​សម្ព័នជាតិការ៉ែន (KNU) ដែលជាក្រុមជនជាតិភាគតិចមួយដ៏លេចធ្លោជាងគេ ក៏ស្ថិតក្នុងចំណោមក្រុមអ្នកប្រឆាំងខ្លាំងបំផុតរបស់របបយោធាផងដែរ ដោយបានថ្កោលទោសចំពោះការប្រើប្រាសើអំពើហិង្សាទៅលើក្រុមបាតុករទៀតផង។

សូមជម្រាបថា​ នៅក្នុងទឹកដីរបស់ KNU នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសជាប់ប្រទេសថៃ នៃការប៉ះទង្គិចគ្នាជាមួយក្រុមយោធា​ បានកើនឡើងចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមកម៉្លេះ ដោយយោធាបានធ្វើការវាយលុកតាមអាកាសកាលពីខែមុន ដែលជាករណីដំបូងនៅក្នុងរដ្ឋការ៉ែនក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ។

ដោយ​ឡែក​ កាលពីថ្ងៃអង្គារសប្តាហ៍នេះដែរ​ កងពលតូចទី៥ របស់សម្ព័នជាតិការ៉ែន (KNU) បានបើកការវាយប្រហារ និងវាយឆ្មក់លើមូលដ្ឋានកងទ័ពមួយនៅតាមបណ្តោយទន្លេ Salween ដែលកំណត់ព្រំដែនរវាងថៃ និងភូមា ហើយយោធាក៏បានសងសឹកវិញ ដោយបានបើកការវាយប្រហារតាមអាកាស។

គួរបញ្ជាក់ថា​ ការផ្ទុះអាវុធក៏ត្រូវបានលឺម្តងទៀត នៅវេលាម៉ោងប្រហែល ៩ព្រឹកនៅថ្ងៃពុធទី២៨​ ខែមេសា​ ឆ្នាំ​២០២១​ ក្បែរមូលដ្ឋានយោធា Dar Gwen ដែលស្ថិតនៅភាគខាងជើង នៃការប៉ះទង្គិចផងដែរ៕ ដោយ​៖ស​ តារា​

រូបភាព​៖ AFP


ចែករំលែក៖