ខេត្តស្វាយរៀង៖ នៅក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍន៍របស់ខេត្ត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ម៉ែន វិបុល ក៏បានជំរុញដល់អាជ្ញាធរ ត្រូវបន្តចូលរួមផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋឲ្យបានទូលំទូលាយផងដែរ ដើម្បីរួមគ្នាចូលរួមបង្ការនិងទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីឈានទៅកាត់ផ្ដាច់ឬសគល់នៃការចម្លងនៅក្នុងខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្ត លោក ម៉ែន វិបុល ក៏បានចុះពិនិត្យមើលសំណង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គយត្របែក ព្រមទាំងរបងប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលដែលបានស្ថាបនារួចរាល់។
ចុះពិនិត្យសំណង់ឈាបនដ្ឋាន សម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ-១៩ កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនប្រជាពលរដ្ឋ ដែលជាអំណោយក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។
ដោយ៖ យឹម សុថាន