ព័ត៌មានទាន់ហេតុការណ៍៖

ច្បាស់ហើយ ! សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេក្រោយថ្ងៃទី៥ ឧសភា ប៉ុន្តែអាចបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។ នេះជាប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា , ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងនោះម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរយ៉ាងដូច្នេះថា «សម្តេចថ្ងែទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើកតែខេត្ត ឬរាជធានីអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។
សូមបញ្ជាក់ថា, ក្នុងស្ថានភាពជាក់ស្តែង ការរាលដាលជំងឺកូវីដ-១៩ មានលក្ខណៈធ្ងន់ធ្ងរ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍។
សូមជ្រាបជូនថា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣០នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៦៩នាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអ្នកជម្ងឺនាំចូលពីក្រៅប្រទេស និងក្នុងសហគមន៍។
កំណត់សម្គាល់៖
ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ ៖ សិលា


ចែករំលែក៖