ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករបើកគោយន្តដឹកដើម និងមើមដំឡូង នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក បានបង្ហាញការខឹងសម្បារចំពោះឈ្មោះគី ជា ជាមន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃច្រកតំបន់ព្រំដែនបឹងត្រកួននៃយោធភូមិភាគទី៥) មានឋានន្តរសក្តិវរសេនីយ៍និងក៏ជាថៅកែភាស៊ីចំណតស្រុកថ្មពួក(មានទីតាំងនៅរង្វង់មូលប្រសព្វបឹងត្រកួនស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតនិងនៅលើផ្លូវជាតិលេខ៥៦ A ឃុំគំរូនៃស្រុកថ្មពួក ។
ម្ចាស់គណនីហ្វេសប៊ុក លោកសំ ផុកយ៉ាន់ហៅធួក ជាកសិករដាំដំឡូងមី” នោះបានរៀបរាប់នៅថ្ងៃ០២ខែឧសភាឆ្នាំ២០២១នេះថាលោកបានទៅរស់នៅម្តុំបឹងត្រកួនឃុំគោករមៀតជាង១០ឆ្នាំមកហើយមិនដែលមានទំនាស់និងក៏មិនដែលមានទំនាក់ទំនងឬស្គាល់លោកគី ជា ដែរ ។
លោកបានបន្តថា ប៉ុន្តែករណីដែលលោកបានបង្ហោះក្នុងហ្វេសប៊ុកករណីខាងភាស៊ីនៅរង្វង់មូលបឹងត្រកួនយកភាស៊ីនេះ គឺមកពីហួសចិត្តពេកព្រោះថា មិនដែលឃើញភាស៊ីចំណតណា ដែលរដ្ឋឲ្យយកលុយភាស៊ីពីកសិករដឹកកសិផលនឹងគោយន្តនោះទេ។លោកចង់ឲ្យអ្នកផងបានដឹង ត្បិតកន្លងមកមានកសិករនិងពលរដ្ឋឯទៀតមានការខឹងសម្បានឹងឈ្មោះ(គី ជា) ដែលជាថៅកែភាស៊ីមានរឿងអាស្រូវច្រើន ហើយចេះតែធ្វើអីជ្រុលទៅៗធ្វើឲ្យអ្នកស្រុកបន្តខឹងបុគ្គលនោះនិងមានថ្នាំងថ្នាក់អស់ជំនឿលើអាជ្ញាធរ កងកម្លាំងទៅវិញ ។ មិនដឹងថា គាត់អាងអី ក៏ចេះតែធ្វើអីខុសគេខុសឯងយ៉ាងដូច្នេះ ។
ចំណែកកសិករវិញបានរៀបរាប់ថា មន្ត្រីយោធាខាងលើបានបើករថយន្តពណ៌ត្រេអ៊ីចង្កូតស្តាំ មករង់ចាំជាមួយកូនចៅរបស់ខ្លួនស្ទាក់កាក់ទារភាស៊ីពីប្រជាកសិករ ដែលបើកគោយន្តដឹកដើមដំឡូង និងមើមដំឡូង ឆ្លងកាត់តំបន់រង្វង់មូលខាងលើក្នុងតម្លៃ២ពាន់រៀលជាថ្នូរឆ្លងកាត់១លើក។ បើរដូវប្រមូលផលដាំដុះផង ក្នុង១ថ្ងៃៗ មានគោយន្តរាប់សិបគ្រឿងបានឆ្លងកាត់ មិនដឹងយកលុយច្រើនយ៉ាងណានោះទេ។
សូមរំលឹកថា នៅក្នុងគណនីហ្វេសប៊ុកឈ្មោះកសិករដាំដំឡូងមី បានសរសេរបង្ហោះជាមួយខ្លឹមសាររិះគន់ និងសំណូមពរដល់អាជ្ញាធរមានមានសមត្ថកិច្ចក្នុងស្រុកថ្មពួក និងក្នុងខេត្តបន្ទាយមានជ័យមេត្តាត្រួតពិនិត្យលើមន្ត្រីយោធាឈ្មោះគី ជានោះផង ។
កសិករបានសរសេរថា ៖ ” ក្នុងនាមកសិករដ៏ល្ងង់ខ្លៅ ចង់សួរបងប្អូននៅទូទាំងប្រទេសកម្ពុជាថា តើមានបេនដកភាស៊ីគោយន្តកន្ត្រៃដូចស្រុកខ្ញុំដែរឬអត់? ខាងខ្ញុំមានហើយ គ្រាន់តែគោយន្តដឹកដើមដំឡូងឬមើម ចេញពីចម្ការកាត់រង្វង់មូលបឹងត្រកួន បងៗភាស៊ីទារលុយពីអ្នកបើកបរគោយន្តដែរ ” ។
បន្ថែមលើសំណេរបែបនេះ ម្ចាស់គណនីហ្វេសប៊ុកដដែល ក៏បានបង្ហោះភ្ជាប់ជាមួយរូបថតកសិករ និងបណ្ណ័ភាស៊ីចំណត ដែលមានសរសេរ អក្សរថា ( មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក) បណ្ណ័ភាស៊ីចំណត រថយន្តស្រុកថ្មពួក និងសាខាបឹងត្រកួន រថយន្តតំលៃ២.០០០រៀល។
ចំណែកលោកនៃ ពៅ មេឃុំគោករមៀត ប្រាប់ឲ្យដឹងនៅ ថ្ងៃទី២ខែឧសភានេះដែរថា៖ បាតុភាពនោះ លោកបានជ្រាបហើយ ហើយករណីបែបហ្នឹងក៏មានច្រើនជាបន្តបន្ទាប់ មានបុគ្គលិកបេនភាស៊ីនោះដេញស្ទាក់គោយន្ត និងមធ្យោបាយផ្សេងទៀតដែលដឹកស្រូវ ដឹកធ្យូង ដឹកអុស ដឹកដំឡូងពេលមន្ត្រីឃុំទៅប្រាប់ ក៏ម្ចាស់ភាស៊ីនោះមិនស្តាប់ដែរ ។
លោកមេឃុំបន្តថា ៖ អ្វីដែលកសិករម្នាក់នោះ បានបង្ហាញ ក៏ដូចជាកសិករនិងពលរដ្ឋផ្សេងទៀតបានជួបនឹងកន្លែងភាស៊ីនោះគឺជាការពិត ហើយអាជ្ញាធរភូមិឃុំក៏ឈឺឆ្អាលដែរ ប៉ុន្តែម្ចាស់ភាស៊ីនោះមិនស្តាប់ មិនកែប្រែឡើយ។ លោកធ្លាប់រាយការណ៍ទៅថ្នាក់លើៗ ក៏ដោះស្រាយមិនបានទៀត ។
លោកអែម សុខា អភិបាលស្រុកថ្មពួកក៏បានប្រាប់ថា ៖ ក្រោយពីទទួលបានព័ត៌មាននេះ លោកបានបញ្ជាឲ្យផ្អាកសកម្មភាពហើយ។នៅថ្ងៃទី០៣ខែឧសភានេះ លោកបានកោះហៅក្រុមហ៊ុនភាស៊ីបេន យកឯកសារពាក់ពន្ឋ័ភាស៊ីបេនមកពិនិត្យឡើងវិញ ៕
ដោយ ៖ វណ្ណា