ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលសម្ភារម៉ាស់និងបរិក្ខារ ពីក្រសួងការបរទេសសម្រាប់ ចាត់ចែងជូនពលរដ្ឋប្រើប្រាស់ក្នុង ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ទទួលសម្ភារម៉ាស់និងបរិក្ខារពីក្រសួងការបរទេស ដែលអំណោយសប្បុរសធម៌នេះសម្រាប់ចាត់ចែងជូនពលរដ្ឋ ប្រើប្រាស់ ការពារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងនោះមានម៉ាស់ជាង២០ម៉ឺនបន្ទះនិងបរិក្ខារមួយចំនួនទៀត ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19)។

   ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងលោកញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេសតំណាងឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ 

  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានឧបត្ថម្ភ ម៉ាស់ Protective ចំនួន ១០០,០០០ម៉ាស់ ,ម៉ាស់ Surgical ចំនួន  ១០០,០០០ម៉ាស់ , PPE NAM VIET ចំនួន២៥០ឈុត ,PPE Jiangxi ចំនួន ២៥០ឈុត និងស្រោមដៃចំនួន៥ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះ ជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ់-១៩ ។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជន កម្ពុជាទាំងអស់៕

ដោយ៖ សំរិត


ចែករំលែក៖