ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​នេះ​! ក្រសួងសុខាភិបាល​ថៃ​ រកឃើញ​អ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ១,៧៦៣នាក់បន្ថែមទៀត​ ខណៈអ្នកជំងឺ ២៧នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានរាយការណ៍ថា អាជ្ញាធរមូលដ្ឋាន​បន្ត​រកឃើញ​អ្នកជំងឺ COVID-19ថ្មី​ ចំនួន ១,៧៦៣នាក់បន្ថែមទៀត​ ខណៈអ្នកជំងឺ ២៧នាក់ទៀតបានស្លាប់​ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃអង្គារនេះដែរ​ បានដកស្រង់ចេញផ្សាយពីប្រភពក្រសួងសុខាភិបាលថៃ​ បាននិយាយថា​ ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ​ ករណី​ផ្ទុះរលកថ្មីនៃជំងឺ COVID-19នៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស។

ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសថៃសម្រេចបានជិត ១,៥០០,០០០ដូសហើយ៕

ដោយ​៖ស​ តារា​


ចែករំលែក៖