ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា! ក្នុង​រយៈពេល​ ២៤ម៉ោង​ប៉ុណ្ណោះ​ រកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៤១ម៉ឺន​នាក់ ខណៈ​អ្នកជំងឺជិត ៤ពាន់នាក់ស្លាប់​;​ ហេីយ​នេះជាកំណត់ត្រាថ្មីមួយទៀត

ចែករំលែក៖

អន្តរជាតិ​៖ ប្រទេសឥណ្ឌា​បានកត់ត្រាថ្មីមួយទៀតហេីយ​គឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ ដោយត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ រកឃើញ​​ចំនួនអ្នកឆ្លងជំងឺ COVID-19ថ្មី​ សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

ជាក់ស្ដែង​ឥណ្ឌា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,០៧០,៨៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣០,១៥១នាក់ និងជាសះស្បើយឡើងវិញ ១៧.២៧លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៥៧លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

គួរជម្រាបថា​ ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាពេលនេះបានទទួលជំនួយពីបរទេស ជាពិសេសគឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ។

ជាមួយគ្នានេះ​ កាលពីថ្ងៃពុធទី៥​ ឧសភា​ម្សិលមិញនេះ​ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសពីការគាំទ្រសំណើរបស់ឥណ្ឌា សម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

ដោយ​៖ស​ តារា​

រូបភាព៖ Reuters 


ចែករំលែក៖