រដ្ឋាភិបាល អង់គ្លេសបានឲ្យដឹងថា យន្តហោះដឹកទំនិញធំបំផុត លើពិភពលោក បានចាកចេញពី Belfast ស្ថិតនៅអៀកឡង់ខាងជើង នៅថ្ងៃទី ៧ខែឧសភា ដោយនាំម៉ាស៊ីនផលិតអ៊ុកសុីហ្សែន៣គ្រឿង ដែលអាចផលិតអ៊ុកស៊ីហ្សែនបាន ១៨តោន និងម៉ាស៊ីនជំនួយដង្ហើម ១០០០គ្រឿង។
ការិយាល័យក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា បុគ្គលិក អាកាសយានដ្ឋានបានធ្វើការពេញមួយយប់ដើម្បីរៀបចំ ការដឹកជញ្ជូនជំនួយទៅកាន់ប្រទេសឥណ្ឌា តាមយន្តហោះដឹកជញ្ជូនធំបំផុតលើពិភពលោក Antonov 124។ តាមគម្រោងយន្តហោះ Antonov 124 នឹងចុះចតនៅក្នុងទីក្រុងញូវដេលី នាថ្ងៃទី ៩ខែឧសភា ។
នៅពេលនេះដែរ ឥណ្ឌា មានករណីស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ទៅ៤១៩២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះជាចំនួនស្លាប់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកស្លាប់សរុប ដល់ទៅ 238.283 នាក់។
នៅថ្ងៃទី ៧ខែឧសភា ប្រទេសឥណ្ឌាក៏បានរកឃើញករណីឆ្លងដល់ទៅជាង ៤០១ពាន់នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងជិត២២លាននាក់ហើយ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសាររលកកូវីដ-១៩ លើកទីពីរ គឺនៅរដ្ឋ Maharashtra, Madhya Pradesh, Telangana និងរដ្ឋធានី New Delhi៕
រូបភាព៖Reuters
ដោយ៖ធីរីណា(រូបភាព៖Getty.)