ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនហាន់សុីញ និងក្រុមហ៊ុន អីលស៊ុង អត់ដំណើរការស្ថាបនាលើកំណាត់ផ្លូវជាតិលេខ៥ អាចអ្នកម៉ៅការបន្តរត់អស់មើល៍ទៅ ! (មានវីដេអូ)

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង+ពោធិ៍សាត់៖ សូមជម្រាបជូនថា, គម្រោងការស្ថាបនាឡើងវិញលើកំណាត់ផ្លូវជាតិ៥ គឺមានក្រុមហ៊ុនជាច្រើនបានដេញយកគម្រោងនោះ តាំងពីស្រុកពញាឮ ខេត្តកណ្តាល ដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែអ្វីដែលគេឃើញជាក់ស្តែង ការស្ថាបនាបង្ហាញពីភាពរអាក់រអួល(យឺតបំផុត) គឺចាប់ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ និងពីធ្លាមម្អម ដល់ទីរួមខេត្តពោធិ៍សាត់។

អ្វីដែលនឹកស្មានមិនដល់ ខណ:បច្ចុប្បន្ននេះអត់ឃើញដំណើរស្ថាបនាសោះ ឬមួយលើកហេតុផលថា, សម័យកូវីដ-១៩ អត់មានបុគ្គលិក ,អ្នកបច្ចេកទេស, វិស្វករ ,ឬកម្មករ , អោយសោះ ! ពីព្រោះក្រៅពីក្រុមហ៊ុន២ខាងលើ គឺក្រុមហ៊ុនដទៃទៀតដំណើរការសាងសង់ជាប់ជាប្រចាំហូរហែរហូតលក្ខណះធម្មតា។
បើតាមមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលួចបង្ហើបថា, ចាប់ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ គឺក្រុមហ៊ុនហាន់សុីញ ដេញថ្លៃបាន ។ ដោយឡែកពីចំណុចធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ គឺក្រុមហ៊ុន អីលស៊ុង ដេញថ្លៃបាន ហើយការរអាក់រអួលនេះ កន្លងទៅមានហេតុផលខ្លះដែរ ដូចជាកង្វះខាតគ្រឿងចក្រ សម្រាប់បម្រើអោយក្រុមហ៊ុនស្ថាបនារបស់ខ្លួន និងរំពឹងលើការ(សាប់)ម៉ៅការបន្តអោយក្រុមហ៊ុនតូចៗក្នុងស្រុក តែក្រុមហ៊ុនខ្លះម៉ៅការបន្ត ទទួលបានតំលៃទាប ក៏មិនអាចធ្វើបាន នេះក៏ជាចំណុច បង្កើតអោយរាំងស្ទះយឺតយូរ រអាក់រអួលលើដំណើរការចង្វាក់ការស្ថាបនា ។ ករណីមួយទៀត ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង មានទម្លាប់ចេញថ្លៃបញ្ចុះតម្លៃទាប នេះជាបញ្ហាមួយលើគុណភាពបច្ចេកទេសផងដែរ។ អ្វីដែលក្រសួងគួរមានវិធានចុះពិនិត្យ ជាក់ស្តែងនៅពេលនេះ ហេតុអីក៏ក្រុមហ៊ុនទាំង២មិនបានដំណើរការ ស្របពេលដែលរដូវទឹកភ្លៀងធ្លាក់ផង ក៏បណ្តាលអោយមាន ក្រឡុក ជង្ហុគ ទឹកដក់ ជាបញ្ហាច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់គ្រប់មធ្យោបាយ ទាំងអស់។ ចំណុចនេះសង្ស័យអ្នកម៉ៅការបន្តបានរត់ចោលអស់តែម្តង។

បើសិនជាខាងក្រសួងពិនិត្យអោយដិតដល់ ,មន្ត្រីបានលើកឡើងថា, ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង អាចមិនមានសិទ្ធិចូលដេញថ្លៃនៅពេលក្រោយទៀត បើដំណើរការស្ថាបនារបស់ក្រុមហ៊ុនទាំងនេះ មិនទាន់មានគ្រឿងចក្រអោយមានតុល្យភាពទៅនឹងការងារ។
ឮដំណឹងថា, ថ្មីៗនេះក្រុមហ៊ុនអីលស៊ុង ដេញថ្លៃបានកំណត់ផ្លូវជាតិ៤៨ នៅខេត្តកោះកុង ក្នុងតម្លៃទាបជាងគេជិត១០លានដុល្លារឯណោះ។ បើតាមប្រភពមិនផ្លូវការខ្លះបាន បង្ហើបថា, ក្រុមហ៊ុនអីលស៊ុង មានសាច់ញាតិរបស់មន្ត្រីជាន់ខ្ពស់នៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីក្រោយខ្នងផងដែរ។

ចំពោះក្រុមហ៊ុន( HANSHIN) គេដឹងគ្រប់គ្នា ថា, ខណះស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួង បន្ទាប់ពីស្ថាបនាផ្លូវពីក្រុងតាខ្មៅទៅព្រំដែនស្រុកកោះធំ ខេត្តកណ្តាល បណ្តាលអោយមានបញ្ហាស្រុក ប្រេះ ស្រាំ និងតម្រូវអោយធ្វើឡើងវិញ, ។ បច្ចុប្បន្នការស្ថាបនាផ្លូវជាតិលេខ៥ អត់ឃើញដំណើរការអោយដូចក្រុមហ៊ុនផ្សេងៗសោះ ។ ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព” នគរដ្រេហ្គន”មិនអាចធ្វើការទំនាក់ទំនងពីលោក Tae-Youp Roh (Tim) តំណាងអោយក្រុមហ៊ុន( HANSHIN) នៅនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានទេ ដោយទូរស័ព្ទត្រូវបានបិទ ។ ដោយឡែកខាងក្រុមហ៊ុន អ៊ីលស៊ុង គ្មានលេខទូរស័ព្ទទាក់ទង។
សូមបញ្ជាក់ថា, កន្លងទៅលោកអគ្គនាយកផ្លូវថ្នល់ ច្រើនលើកហេតុផលថា ក្រុមហ៊ុនមិនសូវដំណើរការ ដោយសារស្ថានភាពរដូវភ្លៀងធ្លាក់។ ដោយឡែក លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គន” តាមទូរស័ព្ទថា, តាមពិតខាងក្រុមហ៊ុនគេធ្វើរាល់ថ្ងៃតើ ហេតុអីថាគេមិនធ្វើ ។ ចំពោះសំណួរសួរថា, ជាក់ស្តែងនៅថ្ងៃនេះ ទិដ្ឋភាពនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងក្រុមហ៊ុនទាំង២អត់ឃើញដំណើរការ , អ្នកនាំពាក្យរូបនេះបានធ្វើការបកស្រាយថា, “គេមិនធ្វើនៅថ្ងៃនេះ ប្រហែលជាថ្ងៃដែលគេឈប់សម្រាកទេដឹង ? លោកបន្តថា, កាលពីម្សិលមិញក្រុមការងាររបស់លោកបានចុះទៅពិនិត្យ និងដោះស្រាយពីបញ្ហាផលប៉ះពាល់ គឺឃើញខាងក្រុមហ៊ុនគេធ្វើធម្មតា មានហេតុផលណា ដែលបញ្ជាក់ថាគេមិនធ្វើ “!
ប្រជាពលរដ្ឋនៅតាមដងផ្លូវក៏បានបញ្ជាក់ផងដែរថា, មួយរយៈនេះអត់ឃើញគេធ្វើទេ ស្ងាត់ការងារជាងមុនមែនទែន ៕

ដោយ ៖ សិលា


ចែករំលែក៖