ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ឆក់ខ្សែកចំនួន៥តម្លឹងពីបុរសម្នាក់បានសម្រេច តែរត់គេចខ្លួនមិនរួចត្រូវប្រជាពលរដ្ឋឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលប៉ុស្តិ៍បឹងព្រលឹតឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់ ខណៈកំពុងដើរបម្រុងចូលរថយន្ត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតមានប្ដីប្រពន្ធ២នាក់ បានជិះរថយន្តពីផ្ទះមកទិញម្ហូបនៅតាមបណ្ដោយផ្លូវ១១១ ខណៈទិញរួច ដើរបម្រុងចូលរថយន្តវិញស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ស្មាស ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់ខ្សែក ពីបុរសជាប្ដី ១ខ្សែចំនួន៥តម្លឹងបានសម្រេច ភ្លាមៗបុរសជាប្ដីបានទាញម៉ូតូជនសង្ស័យដួល ហើយជនសង្ស័យបានរត់ចោលម៉ូតូ ទៅឡើងជិះជាមួយបក្សពួកម្នាក់ជិះម៉ូតូម៉ាកscoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-8476 ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ ជួយឃាត់បានទាំង២នាក់តែម្ដង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ។ ចំណែកខ្សែករបស់ជនរងគ្រោះត្រូវបាននគរបាលប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖