ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែល ប្រកាសពីចំនួនរ៉ុក្កែតដែលក្រុមហាម៉ាស់បាញ់ចេញពីហ្គាហ្សាដល់ទៅ២៩០០គ្រាប់

ចែករំលែក៖

កម្លាំងទាហានអុីស្រាអែល បានប្រកាសឱ្យដឹងថា ក្រុមទាហានហាម៉ាស់នៅហ្គាហ្សា បានបាញ់រ៉ុក្កែតដល់ទៅ២,៩០០គ្រាប់ ចូលក្នុងទឹកដីអុីស្រាអែល។ ក្នុងចំណោមរ៉ុក្កែតទាំងនោះមាន១១៥០គ្រាប់ត្រូវបាន ប្រព័ន្ធការពាររបស់អុីស្រាអែល បាញ់កម្ទេច និង ៤៥០គ្រាប់ធ្លាក់នៅក្នុងទឹកដីហ្គាហ្សា ។

ស្ថានភាពនៅព្រំដែន រវាងអុីស្រាអែល នឹងប៉ាឡេស្ទីនប្រឈមមុខតានតឹងនៅយប់ថ្ងៃទី១០ខែឧសភា និងព្រឹកថ្ងៃទី១១ខែឧសភា។ ការវាយប្រហារគ្នាកើតឡើង រវាងជនជាតិប៉ាឡេស្ទីន នឹងកម្លាំងប៉ូលិសអុីស្រាអែល ក្រោយពេលដែលកម្លាំងទាហានអុីស្រាអែល
បណ្តេញក្រុមជនជាតិប៉ាឡេស្ទីនចេញពីតំបន់ Sheikh Jarrah ស្ថិតនៅភាគខាងកើតជេរូសាឡឹម ។ ហេតុការណ៍ខាងលើបណ្តាលឲ្យមានបាតុកម្មប្រឆាំងអុីស្រាអែលកើតឡើង។
ការវាយប្រហារដោយរ៉ុក្កែតពីហ្គាហ្សាទៅលើអុីស្រាអែលបណ្តាលឲ្យជនជាតិអុីស្រាអែល៨នាក់ស្លាប់ និងទាហានម្នាក់ ក្រៅពីនេះនៅមានមនុស្ស២០០នាក់រងរបួស។ ក្រោយមកអុីស្រាអែលបានវាយប្រហារសងសឹកទៅលើតំបន់ហ្គាហ្សា បំផ្លាញទីបញ្ជាការជាន់ខ្ពស់របស់ហ្គាហ្សា។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលហ្គាហ្សា មកទល់ពេលនេះមានមនុស្ស១៧៤នាក់ស្លាប់ ក្នុងនោះមានកុមារ៤៧នាក់និងស្ត្រី២៩នាក់ ។ ក្រៅពីនេះក៏មានមនុស្ស ១២០០នាក់រងរបួសផងដែរ។
ពាក់ព័ន្ធនឹងភាពតានតឹងរវាងអុីស្រាអែល នឹងប៉ាឡេស្ទីន ពេលនេះប្រទេសសាវឌីអារ៉ាប៊ី បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីតាំងដែលពួកគាត់ធ្លាប់រស់នៅតាំងពីដើមមក។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan Al Saud បានបញ្ជាក់ថា អុីស្រាអែលបានបំពានច្បាប់យ៉ាងខ្លាំង ស្តីពីសិទ្ធិរបស់ក្រុមជនជាតិប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ដែលអុីស្រាអែលគ្រប់គ្រងនៅភាគខាងកើតជេរូសាឡឹម៕ដោយ៖ ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖