ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគពិសេសកងទ័ពជើងគោកបន្តសហប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ព្រំ ហ៊ាង នាយរងសេនាធិការយោធភូមិភាគពិសេស កងទ័ពជើងគោក និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងប្រចាំទីតាំងសាលាអន្តរជាតិ ACE ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១ នេះបានបញ្ជាក់ថា ដោយមានកិច្ចសហការដ៏ល្អពីអាជ្ញាធរដែនដី សមត្ថកិច្ច សន្តិសុខសាលាអន្តរជាតិ ACE និងក្រុមយុវជនស្ម័គ្រចិត្ត (ស យ ក) សង្កាត់ចាក់អង្រែក្រោម បានដំណើរការចាក់វ៉ាក់សាំង ដោយក្រុមការងារនិងគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស បានចាក់ជូនប្រជាពលរដ្ឋ កម្មករនិយោជិក ប្រព្រឹត្តទៅដោយរលូន និងមានសណ្ដាប់ធ្នាប់ល្អ ចាប់តាំងពីដូសទី១ រហូតមកដល់ដូសទី២ នេះ ស្របតាមវិធានការការពារ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

ឧត្តមសេនីយ៍ត្រី ព្រំ ហ៊ាង បានបន្ថែមថា សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅដូសទី២នេះ ក៏មិនខុសពីការផ្ដល់ជូនប្រជាពលរដ្ឋនៅវ៉ាក់សាំងដូសទី១។

ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅពេលនេះគឺជាការគិតគូរខ្ពស់ ដល់សុខទុក្ខ នឹងសុខុមាលភាព ប្រជាជនពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ និងការណែនាំចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ និងពីប្រធានប្រតិបត្តិចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចាក់វ៉ាក់សាំងក្រសួងការពារជាតិ ដល់ក្រុមការងារ គ្រូពេទ្យ ក្នុងការផ្ដល់វ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋទូទៅរបស់កម្ពុជា ដើម្បីជៀសឲ្យផុតពីជំងឺដង្កាត់ផ្សេងៗ ពិសេសការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង ។ 

អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានសម្ដែងពីទឹកចិត្តសប្បាយរីករាយជាពន់ពេក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រោយទទួលបានវ៉ាក់សាំងការពារខ្លួន និងប័ណ្ណសំគាល់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅពេលនេះ ៕

ដោយ៖ សូរិយា


ចែករំលែក៖