ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យ លោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការជ្រើសតាំងនេះបានផ្តល់ឱកាសមួយដែលជួយឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំសាសនាអ៊ីស្លាមនៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចាប់តាំងពីឆ្នាំ១៩៩៣មក ជាពេលដែលលោកបានចូលជាសមាជិកវិហារអ៊ីស្លាមក្នុងភូមិរបស់លោក លោកតែងចូលចិត្តជួយដល់ប្រជាពលរដ្ឋជាទូទៅតាមដែលលោកអ្នកធ្វើទៅបាន។
ក្នុងឆ្នាំ២០០០ នៅពេលដែលលោក អ៊ែល ម៉ាត់ ត្រូវបានតែងតាំងជាអ៊ីមាំម៉ាស្ជិត លោកក៏បានប្រើតួនាទីថ្មីរបស់លោក ដើម្បីជួយដល់ជនក្រីក្រខ្វះខាត ក្មេងកំព្រា និងមនុស្សស្ទើរគ្រប់គ្នាក្នុងសហគមន៍របស់គាត់ ដោយទទួលបានថវិកាពីសមាគមប្រភពល្អកម្ពុជា សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងសប្បុរសជននានា។
លោក អ៊ែល ម៉ាត់ បានមានប្រសាសន៍ថា៖ “ខ្ញុំចូលមកបម្រើការនៅក្នុងភូមិគឺមានចិត្តមួយអាណិតដល់ស្រីមេម៉ាយ និងក្មេងកំព្រា ហើយខ្ញុំក៏ទាក់ទងទៅសមាគមឱ្យគេជួយចិញ្ចឹម ជួយឧបត្ថម្ភផ្សេងៗ”។
ក្នុងនាមជាខ្មែរអ៊ីស្លាមម្នាក់ ការជួយដល់គេឯងនេះក៏ជាផ្នែកសំខាន់មួយផងដែរទាំងនៅក្នុងសាសនា និងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ផងដែរ។
ទាំងនេះហើយជាមូលហេតុដែលលោក កូប ហាសាន់ បានជ្រើសតាំងលោក អ៊ែល ម៉ាត់ ឱ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក កូប ហាសាន់ បានថ្លែងថា៖ “ខ្ញុំជ្រើសរើសយកគាត់ គឺដោយសារគាត់ធ្វើការអត់ចង់បានអ្វីទាំងអស់សូម្បីតែប្រាក់ខែក៏គ្មានដែរ។ ខ្ញុំឃើញគាត់ប្រឹងប្រែងធ្វើមែនទែន ខ្ញុំជាយុវជនខ្ញុំខ្មាស់គាត់មែនទែនព្រោះខ្ញុំធ្វើអត់បានដូចគាត់។ មិនមែនថាយើងចង់អំនួតប្រាប់គេថាយើងជាមនុស្សល្អ១០០% នោះទេ គ្រាន់តែយើងចង់ឲ្យអ្នកដទៃគេខំប្រឹងធ្វើល្អដែរ”។
លោកយាយ ហ៊ីម ស៊ាស់ អាយុ ៧៣ឆ្នាំ និងស្វាមីរបស់លោកយាយឈ្មោះ ស្មាន ហ៊ីម អាយុ ៧៥ ដែលស្ថិតក្នុងវ័យជរាមិនអាចដើរបាន គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះនៅក្នុងសហគមន៍របស់គាត់ដែលលោក អ៊ែល ម៉ាត់ បានជួយ។ លោកយាយបានរៀបរាប់ថា លោក អ៊ែល ម៉ាត់ ជួយមនុស្សជាច្រើននៅភូមិ ដោយគាត់ផ្តោតអាទិភាពលើអ្នកក្រ កុមារកំព្រា ស្រ្តីមេម៉ាយ និងមនុស្សចាស់ជរា ហើយលោកយាយទទួលបានជំនួយជាស្បៀងអាហារ និងថវិកាខ្លះពីគាត់ផងដែរ។
លោកយាយមានប្រសាសន៍ថា៖ “គាត់មិនដែលគិតប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទេ។ គាត់ជួយបងប្អូនក្នុងភូមិ។ និយាយរួមទៅគាត់ជួយទាំងអស់គ្នាក្នុងភូមិហ្នឹង មិនមែនតែខ្ញុំទេ។ ឱ្យតែគាត់មើលទៅឃើញថា មានអ្នកជួបការលំបាកអី គាត់ជួយហើយ ជាពិសេសកូនកំព្រាតែម្តង ដែលឪពុកម្តាយក្រីក្រអ៊ីចឹងគាត់ជួយទាំងថវិកា ជួយទាំងកង់។ គាត់ទទួលបានជំនួយមក គាត់ចេះតែជួុយអ៊ីចឹងទៅ ម្តងគេម្តងយើង”។
សម្រាប់លោក អ៊ែល ម៉ាត់ វិញ គាត់នឹងបន្តជួយមនុស្ស បើទោះជាលោកទទួលបាន ឬមិនទទួលបានពានរង្វាន់នេះក្ដី ព្រោះលោកបានជួយមនុស្សតាំងពីពេលលោកនៅក្មេងមកម្ល៉េះ។
អ្នករកប្រាក់ឧបត្ថម្ភប្រជាជនក្នុងសហគមន៍ខ្មែរអ៊ីស្លាមរូបនេះបានថ្លែងថា៖“និយាយរួមទៅ មិនចង់ថាមានឈ្មោះមានអីទេ ប៉ុន្ដែវាជាកាតព្វកិច្ចមួយថាយើងជួយកសាងហ្នឹងឱ្យអ្នកជំនាន់ក្រោយទៀតឱ្យចេះជួយក៏សាងគ្នាបន្តៗទៅទៀតគោលបំណងរបស់ខ្ញុំអ៊ីចឹង”។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូSmart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូអំពីលោក អ៊ែល ម៉ាត សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5ALdm6JtUo/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smartសេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh